Nissan ចេញឡានភីកអាប់ Navara Pro-4X Warrior ថ្មី មានលក់តែក្នុងប្រទេសមួយប៉ុណ្ណោះ

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តភីកអាប់ Navara ប្រភេទ Pro-4X Warrior ថ្មី ដែលត្រូវបានផលិត និងឌីហ្សាញឡើងយ៉ាងពិសេស សម្រាប់តែទីផ្សារប្រទេសអូស្ត្រាលីប៉ុណ្ណោះ។

រថយន្ត Nissan Navara Pro-4X Warrior ថ្មី ទទួលបានការអាប់ដេតបន្ថែមសមត្ថភាព Off-road ក៏ដូចជាការតុបតែងខ្លួនឲ្យមើលទៅកាន់តែមាំជាងមុនទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Navara Pro-4X Warrior ទទួលបានការអាប់ដេតប្រព័ន្ធជើងក្រោម ជួយឲ្យវាឈរផុតពីដីខ្ពស់ជាងមុន ៤០មីល្លីម៉ែត្រ សរុបស្មើនឹង ២៦០មីល្លីម៉ែត្រ ក៏ដូចជាជួយឲ្យ approach angle ប្រសើរជាងមុន ពី ៣២ ទៅ ៣៦ដឺក្រេ។ តាមរយៈការអាប់ដេតនេះ ក្រុមហ៊ុន Nissan អះអាងថា Navara Pro-4X Warrior ផ្តល់ផាសុកភាព និងទប់លំនឹងបានល្អប្រសើរជាងមុន។

ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនរបស់វានៅតែដដែលមិនបានផ្លាស់ប្តូរឡើយ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រ twin-turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ ដែលអាចឲ្យវាដឹកបានទម្ងន់ ៩៦០គីឡូក្រាម និងអូសសណ្តោងបានដល់ ៣,៥តោន។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាក៏មានបំពាក់កុងទ័រឌីជីថលទំហំ ៧អ៊ីញមកស្តង់ដារ និងអេក្រង់កម្សាន្តទំហំ ៨អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បានផងដែរ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Nissan មិនទាន់បានប្រកាសពីតម្លៃរបស់វានៅឡើយទេ ប៉ុន្តែ Navara Pro-4X ធម្មតា មានតម្លៃចាប់ពី ៤៥ ៨០០ដុល្លារ នៅលើទីផ្សារអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម