ក្រុមហ៊ុន Nissan បានប្រកាសអំពីផែនការប្រកាសចេញលក់រថយន្តអគ្គិសនីខ្នាតតូចថ្មីនៅប្រទេសជប៉ុន នៅដើមឆ្នាំ២០២២ខាងមុខនេះ។
ក្រុមហ៊ុនមិនទាន់បញ្ចេញរូបភាពរថយន្តថ្មីនៅឡើយទេ ប៉ុន្តែបាននិយាយថាវានឹងមានប្រវែង ៣៣៩៥ម.ន មានទទឹងប្រវែង ១៤៧៥ម.ម និងមានកម្ពស់ ១៦៥៥ម.ម ផងដែរ។ ទំហំតូចនេះគឺបង្កើតឡើងដើម្បីផ្ដល់ជូនភាពងាយស្រួលក្នុងការបើកបរនៅប្រទេសជប៉ុន។
រថយន្តអគ្គិសនីខ្នាតតូចថ្មីនឹងមានបំពាក់អាគុយទំហំ ២០គីឡូវ៉ាត់ម៉ោង ដែលអាចផ្ដល់ចម្ងាយបើកបរគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនៅជប៉ុន ហើយអាគុយនេះក៏នឹងអាចប្រើប្រាស់ដើម្បីផ្ដល់ថាមពលដល់គេហដ្ឋាននៅគ្រាអាសន្នផងដែរ។
រថយន្តអគ្គិសនីនេះកំពុងស្ថិតក្រោមការផលិតដោយក្រុមហ៊ុន NMKV ដែលជាក្រុមហ៊ុនកើតចេញពីការសហការគ្នារវាង Nissan និង Mitsubishi ហើយដំណឹងលម្អិតដទៃទៀតនឹងចេញនៅក្នុងពេលដ៏ខ្លីខាងមុខ ខណៈដែលតម្លៃលក់ត្រូវបាន Nissan និយាយថារំពឹងថាវានឹងចាប់ផ្ដើមពីប្រមាណ ១៨ ២០៩ដុល្លារ៕