Nissan បានទទួលស្គាល់ថារថយន្តដែលខ្លួនបានប្រកាសចេញនៅប៉ុន្មានឆ្នាំកន្លងមកនេះគឺមានចំនួនច្រើនលើសលប់ ធ្វើឲ្យរថយន្តមួយចំនួនមានអាយុកាលច្រើន ពោលគឺមិនបានឡើងស៊េរីរថយន្តគ្រប់ម៉ូដែលនោះឡើយ។
ហេតុផលនេះហើយដែលនាំឲ្យចំនួនលក់របស់ Nissan មានការធ្លាក់ចុះច្រើនគួរសម ជាពិសេសគឺនៅអឺរ៉ុប។ នៅឆ្នាំ ២០១៧ ក្រុមហ៊ុនអាចលក់រថយន្តនៅអឺរ៉ុបបាន ៥៦៦ ១៩១គ្រឿង ហើយនៅឆ្នាំ ២០១៩ បានធ្លាក់ចុះមកនៅត្រឹម ៣៩៤ ០៩១គ្រឿងប៉ុណ្ណោះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Car Magazine លោក Ashwani Gupta ជានាយកប្រតិបត្តិសកលនៅ Nissan បាននិយាយដូចនេះថា ៖ “យើងដើរលឿនពេកក្នុងការពង្រីកទីផ្សារក្នុងពិភពលោក ដោយរំពឹងថាទីផ្សាររបស់យើងនឹងរីកធំ ហើយចំនួនលក់របស់យើងនឹងកាន់តែល្អ។ ប៉ុន្តែទាំងពីរនេះមិនបានកើតឡើងឡើយ។”
លោក Gupta បានបន្តថា ៖ “ជាលទ្ធផល យើងមានរថយន្តជាច្រើនដែលខកខានមិនបានទទួលបានកែប្រែរូបរាង (ចេញជាស៊េរីថ្ម) គឺដោយសាររថយន្តរបស់យើងមានច្រើនម៉ូដែលពេក។ វាក៏ដោយសារការបណ្ដាក់ទុនផងដែរ ប្រសិនបើអ្នកមិនមានទឹកប្រាក់ នោះក៏មិនអាចចេញរថយន្តស៊េរីថ្មីបានដែរ។”
ដោយសារមើលឃើញពីកំហុសឆ្គងនេះ លោក Gupta បាននិយាយថា Nissan បានផ្លាស់ប្ដូរនូវផែនការយុទ្ធសាស្ត្រដោយអនុវត្តន៍វិធីសាស្ត្រកាត់បន្ថយការចំណាយ និងបញ្ឈប់ការផលិតរថយន្តដែលមិនសូវមានទីផ្សារ។ Nissan នឹងសហការជាមួយ Renault ដោយផ្ដោតលើទីផ្សារសំខាន់ៗរបស់ខ្លួនដែលមានសហរដ្ឋអាមេរិក ចិន និងជប៉ុន។
នៅទីផ្សារអឺរ៉ុប Nissan នឹងផ្ដោតសំខាន់លើរថយន្តតួខ្ពស់មានដូចជា Qashqai, Juke និង X-Trail ដែលជារថយន្តមានសក្ដានុពល៕