[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan ប្រចាំនៅសហរដ្ឋអាមេរិកបានធ្វើការប្រកាសពីការតម្លើងតម្លៃរបស់រថយន្ត Nissan Armada ស៊េរីឆ្នាំ ២០២៣ ដោយបច្នុប្បន្ននេះមានតម្លៃចាប់ពី ៥០ ៤០០ ដុល្លារ សម្រាប់ម៉ូដែល S 4×2 trim ឡើងថ្លៃ ៥០០ ដុល្លារ ។ ខណៈ ម៉ូដែល SV ឥឡូវនេះមានតម្លៃលក់ចាប់ពី ៥៤ ៩៥០ ដុល្លារ ឡើងថ្លៃដល់ ៨៨០ ដុល្លារ, ម៉ូដែល SL ឡើងថ្លៃ ៦១០ ដុល្លារ និងម៉ូដែល Platinum ឡើងថ្លៃ ៥២០ ដុល្លារ ដោយបានបន្ថែមមុខងារថ្មីនៅលើម៉ូដែលនីមួយៗផងដែរ។
គួរឲ្យដឹងថា សម្រាប់តម្លៃដែលបានរៀបរាប់ខាងលើមិនទាន់រាប់បញ្ចូលតម្លៃដឹកជញ្ជូនដែលមានតម្លៃ ១ ៦៩៥ ដុល្លារនោះទេ ដែលធ្វើឲ្យម្លៃរបស់រថយន្តប្រភេទ SUV ខ្នាតធំនេះមានតម្លៃសរុប ៥២ ០៩៥ ដុល្លារ។ ទន្ទឹមនឹងនេះ តម្លៃគឺកើនឡើងដូចគ្នាសម្រាប់ម៉ូដែលនីមួយៗ ប្រសិនបើអតិថិជនជ្រើសរើសជម្រើស 4×4 drivetrain។
Nissan Armada ស៊េរីឆ្នាំ ២០២៣ ម៉ូដែល SV, SL, និង Platinum មានភ្ជាប់មកជាមួយលក្ខណៈពិសេស Amazon Alexa Built-in ដែលអាចស្តាប់ចម្រៀង ការប្រើបាស់ទូរស័ព្ទ និងប្រព័ន្ធជាច្រើនទៀតដោយគ្រាន់តែបញ្ជាដោយសំឡេង។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានភ្ជាប់មកជាមួយស្តង់ដារជាមួយនឹងការបញ្ឆេះម៉ាស៊ីនពីចម្ងាយ ចង្កៀងកាត់អ័ព្ទខាងមុខប្រភេទ LED និងកញ្ចក់មើលក្រោយការពារចំណាំងផ្លាតដោយស្វ័យប្រវត្តិជាមួយ នឹងសោរបិទឥបើកទ្វារក្រោយ និងដៃចង្កូតមានងារកំដៅជាស្តង់ដារទៀតផង។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Nissan Armada ស៊េរីឆ្នាំ ២០២៣ នៅតែប្រើប្រាស់ម៉ាស៊ីន V8 ចំណុះ ៥,៦ លីត្រ ដែលអាចផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៥៦០ ញ៉ូតុនម៉ែត្រ និងមានសមត្ថភាពអូសសណ្តោងជាស្តង់ដារបានដល់ ៣ ៨៥៦ គីឡូក្រាម ។
ជាមួយគ្នានេះ នៅលើគេហទំព័ររបស់ Nissan USA នៅតែប្រើម៉ូដែលឆ្នាំ ២០២២ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តបាននិយាយថា ម៉ូដែលឆ្នាំ ២០២៣ ត្រូវបានដាក់បង្ហាញរួចហើយ ចាប់តាំងពីការចេញអត្តបទនេះ៕