ក្រុមហ៊ុន Nissan Japan ទើបតែបានប្រកាសថា ខ្លួនកំពុងផ្អាកការបញ្ជាទិញសម្រាប់រថយន្តស្ព័រ Nissan Fairlady Z និងរថយន្តអគ្គិសនី Nissan Ariya ប្រភេទប្រើប៉ុងមួយ នៅក្នុងប្រទេសជប៉ុន។
ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបានអះអាងថា មូលហេតុដែលផ្អាកបែបនេះ ក៏ដោយសារតែបញ្ហាខ្វះខាតបន្ទះឈីបអេឡិចត្រូនិកដែលប្រើលើរថយន្ត, បញ្ហាសង្វាក់ផ្គត់ផ្គង់, រោងចក្របិទទ្វារដោយសារបញ្ហាកូវីដ១៩ និង បញ្ហាផ្សេងៗទៀត។
រថយន្ត Nissan Z ផ្តល់តែជម្រើសម៉ាស៊ីនតែ ១គត់ គឺ ទំហំ ៦ស៊ីឡាំង twin-turbocharged មានកម្លាំង ៤០០សេះ ប៉ុន្តែមានទាំងជម្រើសលេខដៃ ៦វគ្គ និងលេខអូតូ ៩វគ្គ។
ដោយឡែកចំពោះរថយន្ត Nissan Ariya វិញ ប្រើប្រព័ន្ធបើកបរប៉ុងក្រោយ បំពាក់នូវអាគុយទំហំ ៦៥ kWh និងមានម៉ូទ័រដែលផលិតកម្លាំងបាន ២១៥សេះ។ ប្រភេទនេះអាចជិះបានចម្ងាយ ៤៥០ គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។
វាក៏មានជម្រើសផ្សេងទៀតប្រើប្រភេទប៉ុងមួយដូចគ្នា ប៉ុន្តែមានអាគុយទំហំ ៩០kWh និងមានកម្លាំង ២៣៩សេះ ដែលអាចជិះបានចម្ងាយ ៦១០ គីឡូម៉ែត្រឯណោះ និង ប្រភេទប្រើប៉ុងពីរ ដែលមានអាគុយទំហំ ៦៥kWh និងមានម៉ូទ័រអគ្គិសនីពីរផលិតកម្លាំងបាន ៣៣៥សេះ ជិះបានចម្ងាយ ៤៣០គីឡូម៉ែត្រ ព្រមទាំង ប្រភេទប៉ុងពីរប្រើអាគុយ ៩០kWh និងមានកម្លាំង ៣៨៩សេះ ដែលជិះបានចម្ងាយ ៥៨០គីឡូម៉ែត្រ៕