ត្រឹមរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ចាប់តាំងពីរថយន្ត Nissan Leaf ស៊េរីថ្មីបានដាក់លក់ ក្រុមហ៊ុនរថយន្តជប៉ុន Nissan បានអះអាងថា ខ្លួនបានទទួលការបញ្ជាទិញជាង ២០ ០០០គ្រឿង នៅទូទាំងទ្វីបអឺរ៉ុប។
ក្នុងនោះផងដែរ ស្ថិតិបានបង្ហាញថា រថយន្ត Nissan Leaf មួយគ្រឿង ត្រូវបានលក់ដាច់ជារៀងរាល់រយៈពេល ១២ នាទី ដែលធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីលក់ដាច់បំផុតនៅអឺរ៉ុប។ ចាប់តាំងពីឆ្នាំ២០១០ មក រថយន្ត Nissan LEAF បានលក់ដាច់ជាង ៣០០ ០០០គ្រឿងមកហើយ ដែលធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនី លក់ដាច់បំផុតលើពិភពលោក។
មិនតែប៉ុណ្ណោះ រថយន្ត Nissan Leaf ថ្មី ដែលទើបតែបានបង្ហាញខ្លួនដំបូង នៅក្នុងកម្មវិធីពិព័រណ៍រថយន្ត Frankfurt Motor Show កាលពីឆ្នាំមុន ទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតធ្វើឲ្យក្រុមហ៊ុន Nissan ក្នុងប្រទេសអង់គ្លេស បើកដំណើកការ ការកក់តាមអនឡាញដើម្បីបញ្ជាទិញ រថយន្ត Leaf ទៀតផង។
រថយន្ត Nissan Leaf ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ដោយបំពាក់ម៉ូទ័រអគ្គិសនីថាមពល ៤០គីឡូវ៉ាត់ មានកម្លាំង ១៤៧សេះ។ សាកភ្លើងមួយពេញ វាអាចបើកបានចម្ងាយ ២២៥គីឡូម៉ែត្រ៕