Nissan Micra Kiiro Special Edition ថ្មី តុបតែងខ្លួនដូច Batman តម្លៃជាង ២ម៉ឺនដុល្លារស្តើង

[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Micra ម៉ូដែលពិសេសថ្មី ហៅថា Micra Kiiro Special Edition ដែលបំផុតគំនិតតាមរឿង The Batman សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

ពាក្យ​ “Kiiro” នៅក្នុងភាសាជប៉ុន មានន័យថា “ពណ៌លឿង” ដែលជាមូលហេតុ Nissan តុបតែងពណ៌លឿង រំលេចលើតួខ្លួនពណ៌ប្រផេះ Echo Grey របស់វា។ ក្រៅពីនោះ Micra Kiiro ក៏មានបំពាក់យ៉ាន់កង់ទំហំ ១៧អ៊ីញ ពណ៌ខ្មៅ, តែម Kiiro និង កញ្ចក់ក្រោយពណ៌ខ្មៅ ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Micra Kiiro ត្រូវបានផលិតតាមម៉ូដែល Micra Acenta  ជាមួយនឹងកញ្ចប់ Option “Vision Package” ។ វាមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ, ផែនទី, កៅអីក្រណាត់ពណ៌ខ្មៅ, ប្រព័ន្ធម៉ាស៊ីនត្រជាក់, សេនស័រចូលចតក្រោយ និង ចង្កៀងមុខអូតូ ផងដែរ។

រថយន្ត Nissan Micra Kiiro ដែលដាក់លក់នៅលើទីផ្សារប្រទេសអង់គ្លេស នឹងបំពាក់ម៉ាស៊ីនសាំង ចំណុះ ១,០លីត្រ turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ៩១សេះ និងកម្លាំងរមួល ១៦០ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងមុខ និង ប្រអប់លេខដៃ ឬអូតូ CVT។

សូមបញ្ជាក់ថា រថយន្តនេះនឹងត្រូវផលិតក្នុងចំនួនមានកំណត់ ត្រឹមតែ ២៥០គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី ២៤ ៥៨០ដុល្លារ សម្រាប់ប្រភេទប្រើលេខដៃ និង ២៦ ៣៨៥ដុល្លារ សម្រាប់ប្រភេទលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម