ក្រុមហ៊ុន Nissan បានប្រកាសអំពីព័ត៌មានលម្អិត និងលក្ខណៈពិសេសរបស់រថយន្ត Murano ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយលើកនេះបានអាប់ដេតច្រើនលើប្រព័ន្ធសុវត្ថិភាព ក៏ដូចជាបន្ថែមជម្រើសពណ៌ថ្មីចំនួន ៣ ទៀតផង។
សម្រាប់ស៊េរីឆ្នាំ២០២១ រថយន្ត Murano ឥឡូវនេះមានបំពាក់បច្ចេកវិទ្យា Nissan’s Safety Shield 360 មកស្តង់ដារតែម្តង។ បើទោះបីជាមានបន្ថែមមុខងារស្តង់ដារមកច្រើនជាងមុន ប៉ុន្តែរថយន្ត Murano ថ្មីនេះមានតម្លៃចាប់ពី ៣២ ៥១០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។
SUV របស់ជប៉ុននេះមានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៦០សេះ ដំណើរការដោយប្រអប់លេខអូតូ Xtronic CVT និងប៉ុងមួយវិលកង់មុខមកស្តង់ដារ ខណៈប៉ុងពីរ AWD ជា Option។ Murano មានចែកចេញជា ៤ ម៉ូដែល គឺ S, SV, SL និង Platinum។
ក្នុងនោះ Nissan បានផ្តល់នូវ Option ថ្មីហៅថា Special Edition Package មានតម្លៃ ២ ៥៣០ដុល្លារ ដោយបន្ថែមដំបូល Dual Panel Moonroof, មុខងារ Intelligent Around View Monitor, មុខងារកម្តៅកៅអីមុខ, យ៉ាន់ Alloy ២០អ៊ីញ។ ដោយឡែក អេក្រង់កម្សាន្ត ៨អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay មានបំពាក់មកស្តង់ដារ៕