[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្ត Nissan Murano ស៊េរីឆ្នាំ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីទាំងស្រុង ជាមួយតម្លៃលក់ចាប់ពី ៤០ ៤៧០ ដុល្លារ ដល់ ៤៩ ៦០០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
Nissan Murano ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៣៥២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង ១ FWD និងប៉ុង ២ AWD និងមានកម្រិតសុីប្រេងខ្ទង់ ១១,២លីត្រ/១០០គ.ម។
សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់ Nissan Murano ស៊េរីឆ្នាំ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មី រួមមានប៉ាណាមុខថ្មីមួយផ្ទាំងធំជាប់សងខាងដោយអំពូលបំភ្លឺពេល LED រួមទាំងចង្កៀងមុខ LED ប្រភេទគុជសរុបចំនួន ៦គ្រាប់ ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងចង្កៀងក្រោយ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ អាចប្រើជាមួយប្រព័ន្ធ Google built-in និងអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បានឥតខ្សែ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីខាងមុខជាប្រភេទស្បែកមានមុចងារកម្ដៅអាចកែតម្រូវបានទាំងសងខាង ប្រព័ន្ធគ្រប់គ្រងអាកាសធាតុដោយស្វ័យប្រវត្តិចំនួន ២តំបន់ ជម្រើសប្រព័ន្ធអូឌីយ៉ូចំនួន ៦ចំនុច ឫឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ១០ចំនុច ប្រព័ន្ធបច្ចេកវិទ្យា active noise cancellation technology និងប្រព័ន្ធជំនួយអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕