Nissan N6 PHEV ប្រើអគ្គិសនីសុទ្ធបើកបាន ១៨០គ.ម បើកទទួលការបញ្ជាទិញមុនតម្លៃតែ១ ៥០០ដុល្លារ

រថយន្ត Nissan N6 PHEV កើតចេញពីការសហការរវាងក្រុមហ៊ុនចិន Dongfeng និងក្រុមហ៊ុនជប៉ុន Nissan ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ទីផ្សារ​ប្រទេស​ចិន បានបើកទទួលការបញ្ជាទិញមុនជាមួយតម្លៃ​ចាប់ពី ១០៦ ៩០០ ដល់ ១២១ ៩០០ យន់ ឬស្មើប្រមាណ ១៥ ០២០ ដល់ ១៧ ១២០ ដុល្លារ សម្រាប់ការ​លក់​ជាផ្លូវការត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ៨ ខែ​ធ្នូ ឆ្នាំ ២០២៥។

រថយន្ត N6 ត្រូវ​បាន​សាង​សង់​ក្រោម​គ្រោងឆ្អឹង​ “Tianyan” ដែលបានបំពាក់លើរថយន្ដអគ្គិសនី Nissan N7។  សម្រាប់ទំហំរូបរាងខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៨៣១ ម.ម ទទឹង ១ ៨៨៥ ម.ម កម្ពស់១ ៤៩១ ម.ម និង​មាន​ប្រវែងគម្លាតកង់មុខក្រោយ ២ ៨១៥ ម.ម។ សម្រាប់រថយន្ដ Nissan N6  វា​ជា​រថយន្ត​ប្រភេទសុីដានប្រើប្រាស់ថាមពល Plug-in-Hybrid ដំបូង​គេ​ដែល Nissan បានសហការជាមួយ Dongfeng ។

ចំពោះការរចនា​បាន​យក​លំនាំ​តាម N7 ស្ទើរតែស្រុង​ ដោយផ្នែក​ខាង​មុខ​ឌីស្សាញ​បិទជិត, ភ្លើងបំភ្លឺពេលថ្ងៃអូសកាត់​ពេញ​ទទឹងផ្នែកខាងមុខ, ដៃ​ទ្វារ​រាបស្មើ, និង​ផ្នែក​ខាង​ក្រោយ​រាង​ឌីស្សាញ fast-back លេងបន្ថែមជាមួយស្ដុបអូសកាត់ពេញទទឹងផ្នែកខាងក្រោយ។

ចូលមកដល់សមត្ថភាពវិញ Nissan N6 ដំណើរការដោយម៉ាសុីនចំណុះ ១.៥ លីត្រ អាចផលិតកម្លាំងបា ៧៥គីឡូវ៉ាត់ ឬប្រហែល ១០២ សេះ ខណៈ​ម៉ូទ័រ​អគ្គិសនី​អាចផលិតកម្លាំងបាន ១៥៥ គីឡូវ៉ាត់ ឬប្រហែល ២១១ សេះ។ រថយន្ដនេះក៏បានបំពាក់មកជាមួយអាគុយ lithium-iron-phosphate ទំហំ ២១.១ គីឡូវ៉ាត់ម៉ោង ផ្ដល់ជូនរយៈចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធបាន ១៨០ គីឡូម៉ែត្រ យោងតាមស្ដង់ដាវាស់ចម្ងាយ CLTC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម