Nissan Navara ជំនាន់ថ្មី ត្រូវបានប្រកាសចេញផ្លូវការ មកជាមួយរូបរាងថ្មី

ក្រុមហ៊ុន Nissan បាន​បញ្ចេញ​រថយន្តភីកអាប់ដ៏ល្បីល្បាញ​របស់ខ្លួន The all-new Navara 2026 នៅក្នុងប្រទេសអូស្រ្តាលី ដែល​មកជាមួយរូបរាងថ្មី ដោយ Nissan បានហៅវាថា ជាការបើកជំពូកថ្មី និង​ជាការអបអរសាទរខួបលើកទី៤០ របស់ Nissan ក្នុងប្រទេសមួយនេះ។

រូបរាងរបស់ Nissan Navara 2026 ត្រូវបានគេលើកឡើថា ស្រដៀងនឹង Mitsubishi Trioton ទាំងផ្នែកខាងមុខ និងខាងក្រោយ ដោយបានអភិវឌ្ឍលើគ្រោងឆ្អឹងតែមួយ ដូចជា ប៉ាណា ចង្កៀង និងកាងខាងក្រោមជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់នេះ ប្រើម៉ាស៊ីនម៉ាស៊ូត bi-turbo ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ៤៧០ញូតុនម៉ែត្រ ជាមួយកម្រិតប្រើប្រាស់ឥន្ធនៈជាមធ្យម ៧,៧លីត្រ ក្នុង១០០គីឡូម៉ែត្រ។ សមត្ថភាពអូសសណ្តោងរបស់វាបាន ៣៥០០គីឡូក្រាម និងអាចផ្ទុកទម្ងន់បានពី ៩៥០ ទៅ ១០៤៧គីឡូក្រាម។

រថយន្ត Nissan Navara សម្រាប់ option ធម្មតា​ នឹងបំពាក់​ប្រព័ន្ធ Easy 4WD ជាមួយប្រតិបត្តិការស្វ័យប្រវត្តិ និងប្រព័ន្ធ​ឡុកប៉ុងខាងក្រោយ។ ចំណែក option ST-X និង Pro-X នឹងធ្វើឲ្យប្រសើរឡើង​នូវប្រព័ន្ធ Super 4WD ដែលមានម៉ូដជ្រើសរើសតាមស្ថានភាពផ្លូវដូចជា Norman, Eco, Gravel, Snow, Mud, Sand និង Rock ជាមួយប្រអប់លេខអូតូ ៦វគ្គ។

សម្រាប់ផ្នែកខាងក្នុងកាប៊ីន ភីកអាប់ Navara នេះ គឺស្ទើតែដូចគ្នានឹងកាប៊ីន Triton​ ដោយបំពាក់អេក្រង់ថាច់ស្គ្រីនទំហំ ៩អ៊ីញ ដែលភ្ជាប់ Apple CarPlay, Android Auto និងវិទ្យុឌីជីថល DAB+។ ចំណែកកុងទ័រជាប្រភេទ Analogue ទំហំ ៧អ៊ីញ។ វា​ក៏បានបំពាក់ប្រព័ន្ធ NissanConnect Service ដែលមានមុខងារជាច្រើនដូចជា បញ្ជាបើកម៉ាស៊ីនត្រជាក់ពីចម្ងាយ, មុខងារខលក្នុងពេលមានអាសន្ន និងមុខងារតាមដានរថយន្តដែលត្រូវចោរលួច។ ទន្ទឹមនេះ រថយន្ត Navara ស៊េរីថ្មី ក៏បំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផងដែរ។

យ៉ាងណាមិញ Nissan បញ្ជាក់ថា រថយន្តភីកអាប់ជំនាន់ថ្មីនេះ នឹងដាក់លក់នៅឆ្នាំក្រោយ សម្រាប់តំបន់អូសេអានី ដែលមានអូស្ត្រាលី និងណូវែលហ្សេងឡង់ ប៉ុន្តែមិនបានទម្លាយពីតម្លៃនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម