Nissan បានបង្ហាញចេញរថយន្ត Note ជំនាន់ថ្មីនៅក្នុងប្រទេសចិន ដោយការបញ្ចេញលក់គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែធ្នូខាងមុខនេះ។
រថយន្ត Nissan Note ជំនាន់ថ្មីមានផ្លាស់ប្ដូររូបរាងថ្មី ដែលចូលមកជំនួសរថយន្ត Note ជំនាន់មុនដែលបង្ហាញមុខលើទីផ្សារតាំងពីឆ្នាំ ២០១២ មកម្ល៉េះ។ រូបរាងខាងក្រៅមានការផ្លាស់ប្ដូរថ្មី ជាមួយកង់ដែលមានរចនាបថថ្មី និងមានបន្ថែមជម្រើសពណ៌ Opera Mauve មកជាមួយផងដែរ។
នៅផ្នែកខាងក្នុងក៏មានការផ្លាស់ប្ដូរដែរ ដោយមានបំពាក់អេក្រង់កម្សាន្ត ជាមួយនឹងការប្រើកុងទ័រប្រភេទឌីជីថល។ ចង្កូតរថយន្តគឺមានរូបរាងថ្មីដែលអាចបញ្ជាមុខងារមួយចំនួនចេញពីចង្កូតបាន ហើយក៏មាននូវកន្លែងសាកថ្មទូរសព្ទដោយឥតប្រើខ្សែនៅខាងក្នុងរថយន្តផងដែរ។
រថយន្តនេះបានបំពាក់នូវប្រព័ន្ធ e-Power ជំនាន់ទីពីរ ដែលមានម៉ូទ័រអគ្គិសនី និងឧបករណ៍បម្លែងថាមពលថ្មី។ ម៉ូទ័រអគ្គិសនីថ្មីអាចបញ្ចេញកម្លាំងបានច្រើនជាងមុន ៦% ហើយម៉ាស៊ីនសាំងក៏អាចសន្សំសំចៃថាមពលបានច្រើនជាងមុនផងដែរ។ បន្ថែមពីនេះប្រភេទប្រើអគ្គិសនីសុទ្ធ គឺមានបំពាក់នូវម៉ូទ័រពីរ ដែលអាចបើកបរដោយវិលកង់ទាំងបួន។
រថយន្ត Nissan Note ស៊េរីឆ្នាំ ២០២១ លក់នៅទីផ្សារក្នុងស្រុកគឺនឹងមានតម្លៃចាប់ពីប្រមាណ ១៩ ៥១០ដុល្លារ ដល់ប្រមាណ ២១ ០២២ដុល្លារ៕