Nissan Note ស៊េរីឆ្នាំ ២០២១ បង្ហាញខ្លួនជាផ្លូវការនៅជប៉ុន

Nissan បាន​បង្ហាញ​ចេញ​រថយន្ត Note ជំនាន់​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ការ​បញ្ចេញ​លក់​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​ខាង​មុខ​នេះ។

រថយន្ត Nissan Note ជំនាន់​ថ្មី​មាន​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី ដែល​ចូល​មក​ជំនួស​រថយន្ត Note ​ជំនាន់​មុន​ដែល​បង្ហាញ​មុខ​លើ​ទីផ្សារ​តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ។ រូបរាង​ខាង​ក្រៅ​មាន​ការ​ផ្លាស់​ប្ដូរ​ថ្មី ជា​មួយ​កង់​ដែល​មាន​រចនាបថ​ថ្មី និង​មាន​បន្ថែម​ជម្រើស​ពណ៌​ Opera Mauve មក​ជា​មួយ​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ ដោយ​មាន​បំពាក់​អេក្រង់​កម្សាន្ត​ ជា​មួយ​នឹង​ការ​ប្រើ​កុងទ័រ​ប្រភេទ​ឌីជីថល។ ចង្កូត​រថយន្ត​គឺ​មាន​រូបរាង​ថ្មី​ដែល​អាច​​បញ្ជា​មុខងារ​​មួយ​ចំនួន​ចេញ​ពី​ចង្កូត​បាន ហើយ​ក៏​មាន​នូវ​កន្លែង​សាក​ថ្ម​ទូរសព្ទ​ដោយ​ឥត​ប្រើ​ខ្សែ​នៅ​ខាង​ក្នុង​រថយន្ត​ផង​ដែរ។

រថយន្ត​នេះ​បាន​បំពាក់​នូវ​ប្រព័ន្ធ e-Power ជំនាន់​ទី​ពីរ​ ដែល​មាន​ម៉ូទ័រ​អគ្គិសនី​ និង​​ឧបករណ៍​បម្លែង​ថាមពល​ថ្មី។ ម៉ូទ័រ​អគ្គិសនី​ថ្មី​អាច​បញ្ចេញ​កម្លាំង​បាន​ច្រើន​ជាង​មុន ៦% ហើយ​ម៉ាស៊ីន​សាំង​ក៏​អាច​សន្សំសំចៃ​ថាមពល​បាន​ច្រើន​ជាង​មុន​ផង​ដែរ។ បន្ថែម​ពី​នេះ​ប្រភេទ​ប្រើ​អគ្គិសនី​សុទ្ធ គឺ​មាន​បំពាក់​នូវ​ម៉ូទ័រ​ពីរ ដែល​អាច​​បើកបរ​ដោយ​វិល​កង់​ទាំង​បួន។

រថយន្ត Nissan Note ស៊េរី​ឆ្នាំ ២០២១ លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​គឺ​នឹង​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៩ ៥១០​ដុល្លារ ដល់​ប្រមាណ ២១ ០២២​ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម