ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ត Pathfinder ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយទទួលបានការឌីហ្សាញថ្មី មើលទៅរឹតតែហំ និងកាចជាងមុន ហើយថែមទាំងប្រើប្រអប់លេខ និង បច្ចេកវិទ្យាថ្មីផងដែរ។
រថយន្ត Nissan Pathfinder ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៨៤សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ ហើយអាចជ្រើសរើសមុខងារបើកបរដល់ទៅ ៧ម៉ូដ គឺ standard, sport, eco, snow, sand, mud/rut និង tow។
Pathfinder ថ្មីឥឡូវនេះកាន់តែផ្តល់កាប៊ីនធំទូលាយ ដោយអាចអង្គុយបានមនុស្សសរុប ៨នាក់ ហើយមានបំពាក់រន្ធដោត USB ទាំង ៣ ជួរតែម្តង។
ជាមួយគ្នានេះ វាក៏មានបំពាក់អេក្រង់កម្សាន្តទំហំ ៩អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជា NissanConnect ព្រមទាំងកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញផងដែរ។ SUV នេះនឹងបំពាក់បច្ចេកវិទ្យា ProPILOT Assist មកជាមួយទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ចំពោះព័ត៌មានលម្អិតបន្ថែម រួមទាំងតម្លៃ និងកាលបរិច្ឆេទចេញលក់របស់វា ក្រុមហ៊ុន Nissan មិនទាន់បានប្រកាសនៅឡើយទេ៕