[ទីផ្សារបរទេស] រថយន្តប្រភេទ Minivans នៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងផ្នែករថយន្តនៅលើពិភពលោក រួមទាំងប្រទេសជប៉ុនផងដែរ។ ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Serena ជំនាន់ទី ៦ ថ្មី ទំហំធំទូលាយ បច្ចេកវិទ្យាទំនើបៗ ដោយមាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២០ ០៩៨ ដុល្លារសម្រាប់ម៉ូដែលប្រើថាមពលចំហេះក្នុង និងតម្លៃ ៣៤ ៨៤២ ដុល្លារសម្រាប់ម៉ូដែលខ្ពស់បំផុត Hybrid នៅក្នុងទីផ្សារប្រទេសជប៉ុន ។
Nissan Serena ជំនាន់ថ្មីនេះ មានប្រវែងវែងជាងម៉ូដែលមុន ដោយមានប្រវែងតួខ្លួនសរុប ៤ ៦៩០ ម.ម ដល់ ៤ ៧៦៥ ម.ម ទទឹងប្រវែង ១ ៦៩៥ ម.ម ដល់ ១ ៧១៥ ម.ម កំពស់ប្រវែង ១ ៨៧០ ម.ម ដល់ ១ ៨៨៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៧០ ម.ម។ ដោយទទួលយកភាសារចនាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nissan ដោយបំពាក់ជាមួយចង្កៀងប្រភេទ LED ដ៏ប្រណិត រួមបញ្ចូលគ្នាជាមួយប៉ាណា V-motion មួយផ្ទាំងធំនៅខាងមុខ និងរូបរាងរាងជ្រុងជាងមុនផងដែរ។
រីឯនៅផ្នែកខាងក្នុងរបស់ minivan ជំនាន់ថ្មីបានបន្ថែមកន្លែងដាក់ជើងសម្រាប់អ្នកបើកបរ ១២០ ម.ម ខណៈកៅអីអាចដំឡើងពី ៧ ទៅ ៨កៅអី ហើយត្រូវបានរួមបញ្ចូលដូចជា កន្លែងដាក់ដបទឹក រន្ធសាក USB និង Wi-Fi ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ផ្ទៃតាឡូលូត្រូវបានរចនាយ៉ាងទំនើបជាមួយនឹង digital cockpit និងប្រអប់លេខដោយស្វ័យប្រវត្តិដែលដំណើរការដោយប៊ូតុងនៅជាប់នឹងបន្ទះប្រព័ន្ធម៉ាស៊ីនត្រជាក់។ បន្ថែមពីនេះ ក៏ត្រូវបានបំពាក់ដោយទ្វាររ៉ូតមុខងារបើក-បិទដោយស្វ័យប្រវត្តិ និងទ្វារក្រោយអាចបើកជាពាក់កណ្តាល និងបិទពាក់កណ្តាសម្រាប់ងាយស្រួលផ្ទុកឥវ៉ាន់។ ម៉ូដែល Hybrid ក៏ត្រូវបានបំពាក់ជាមួយនឹងកន្លែងសាកថ្ម AC កម្លាំង ១ ៥០០ វ៉ាត់ ផងដែរ។
បើនិយាយពីផ្នែកប្រព័ន្ធសុវត្ថិភាព Nissan Serena ស៊េរីឆ្នាំ ២០២៣ ជំនាន់ថ្មី ទទួលបានការបំពាក់ជាមួយប្រព័ន្ធ ProPILOT 2.0 ជាស្តង់ដារ ដែលអនុញ្ញាតឲ្យបើកបរដោយស្វ័យប្រវត្តិនៅលើផ្លូវហាយវេ និងប្រព័ន្ធជំនួយពេលចូលចតពីចម្ងាយជាដើម។
ចូលទៅកាន់ផ្នែកម៉ាស៊ិនវិញ សម្រាប់ម៉ូដែលកូនកាត់ Hybrid មានម៉ាស៊ីនចំណុះ ១,៤ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦១ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រប្រភេទប៉ុង ១។ ខណៈម៉ូដែលមួយទៀតគឺម៉ូដែលដើរដោយថាមពលចំហេះក្នុង ដែលបំពាក់ជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៤៨ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ផងដែរ។