ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តស្ព័រ Z Proto ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ ដែលជាអ្នកស្នងតំណែង ម៉ូដែល 370Z។
រថយន្ត Nissan Z Proto ទទួលបានការឌីហ្សាញថ្មីទាំងស្រុង តាមបែប Retro យ៉ាងទាក់ទាញ គួបផ្សំទាំងពណ៌ថ្នាំលឿងខ្ចី និងចង្កៀងមុខ LED រាងតំណក់ទឹកភ្នែក កាត់តាមម៉ូដែល 240ZG កាលឆ្នាំ១៩៧០។
ចំណែកឯផ្នែកខាងក្រោយ វាមានការឌីហ្សាញរាងទំនើបបន្តិច ដោយកាត់តាមម៉ូដែល 300ZX ហើយបំពាក់ចង្កៀងក្រោយយ៉ាងស្រស់ស្អាតផងដែរ។ ក្រៅពីនោះ វាក៏បំពាក់យ៉ាន់ Alloy ១៩អ៊ីញ, ប្រព័ន្ធបំពង់ស៊ីម៉ាំងភ្លោះ និង កាងកាត់ខ្យល់ខាងមុខ-ក្រោយ-ចំហៀង ផលិតពី Carbon Fiber ជាដើម។
រថយន្តស្ព័រ Z Proto មានប្រវែង ៤ ៣៨២មីល្លីម៉ែត្រ ទទឹក ១ ៨៤៩មីល្លីម៉ែត្រ និងកម្ពស់ ១ ៣១១មីល្លីម៉ែត្រ។ កាប៊ីនខាងក្នុងរបស់វាមានបំពាក់កុងទ័រឌីជីថល ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្តកាន់តែទំនើបជាងមុន។
Nissan បានបញ្ជាក់ថា Z Proto នឹងប្រើម៉ាស៊ីន Twin-Turbo V6 ជាមួយប្រអប់លេខដៃ ៦វគ្គ ប៉ុន្តែមិនបានបញ្ជាក់ពីកម្លាំងជាក់លាក់ឡើយ៕