ក្រុមហ៊ុន Nissan បានធ្វើការបង្ហាញចេញនូវគំរូរថយន្តអគ្គិសនីចំនួន ៤ម៉ូឌែល និងបានប្រកាសអំពីមហិច្ឆិតារបស់ខ្លួននៅឆ្នាំ២០៣០( Nissan Ambition 2030)ដែលនឹងធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីចំនួន ២៣ ម៉ូដែល ដោយក្នុងនោះមានរថយន្តអគ្គិសនីសុទ្ធ(EV)ចំនួន ១៥គ្រឿង។
សម្រាប់រយៈពេល ៥ឆ្នាំខាងមុខក្រុមហ៊ុន Nissan នឹងវិនីយោគទឹកប្រាក់ច្រើនជាង ១៧,៦ ពាន់លានដុល្លារ(2 trillion yen) ដើម្បីពន្លឿនការបង្កើនថាមពលអគ្គិសនី និងអភិវឌ្ឍន៍បច្ចេកវិទ្យានៃការផលិតអាគុយរបស់ខ្លួន។ ដោយរថយន្តអគ្គិសនី ២០ម៉ូដែល នឹងភ្ជាប់មកជាមួយបច្ចកវិទ្យា e-POWER ហើយនៅឆ្នាំ ២០២៦ Nissan រំពឹងថាចំនួនលក់រថយន្តអគ្គិសនីនៅទីផ្សារអឺរ៉ុបនឹងមានចំនួន ៧៥% នៅប្រទេសជប៉ុនមានចំនួន ៥៥% និងនៅប្រទេសចិនមានចំនួនជាង៤០% ខណៈពេលនៅទីផ្សារអាមេរិកមានចំនួន ៤០% នៅត្រឹមឆ្នាំ ២០៣០។
ដើម្បីសម្រេចបាននូវមហិច្ឆិតារបស់ខ្លួន Nissan នឹងអភិវឌ្ឍន៍ឲ្យប្រសើរឡើងលើបច្ចេកវិទ្យានៃអាគុយលីចូម-អ៊ីយ៉ុងនាពេលបច្ចេុប្បន្នរបស់ខ្លួន និងបានណែនាំបច្ចេកវិទ្យា Cobalt-free ដើម្បីកាត់បន្ថយការចំណាយលើអាគុយចំនួន ៦៥% នៅឆ្នាំ ២០២៨។
លើសពីនេះនៅឆ្នាំ២០២៨ Nissan ផ្តល់អោយរថយន្តអគ្គិសនីរបស់ខ្លួននូវការដំណើរដោយអាគុយ Solid-state ជាមួយផែនការនៃពង្លឿនការសាងសង់រោងចក្រនៅ Yokohama អោយរួចរាល់នៅដើមឆាំ្ន ២០២៤។ ក្រុមហ៊ុន Nissan រំពឹងថាប្រើប្រាស់នៅអាគុយ Solid-state នៅឆ្នាំ២០២៨ នឹងជួយអោយតម្លៃអាគុយនេះចុះនៅត្រឹម ៧៥ ដុល្លារ/គីឡូវ៉ាត់ម៉ោង។
បន្ថែមពីនេះ Nissan ក៏មានបំណងក្នុងការបង្កើនសមត្ថភាពនៃផលិតអាគុយជាសកលរបស់រហូតដល់ ៥២ 000 000គីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៦ និង ១៣០ 000 000គីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០៣០ផងដែរ។
ចំពោះគំរូរថយន្តអគ្គិសនីទាំងបួនដែលបានបង្ហាញឡើងដោយក្រុមហ៊ុន Nissan អំឡុងពេលការប្រកាសអំពីមហិច្ឆិតារបស់ខ្លួននៅឆ្នាំ២០៣០( Nissan Ambition 2030)នេះរួមមាន Nissan Chill-Out, Max-Out , Nissan Surf-Out និង Nissan Hang-Out។ ដោយគំរូរថយន្តទាំង ៤ម៉ូឌែលនេះ នឹងត្រូវបានផលិតឡើង ជាមួយការប្រើប្រាស់នូវគ្រោងឆ្អឹង CMF-EV របស់ Nissan ផ្ទាល់៕