[បរទេស] ក្រុមហ៊ុន Nissan បានសហការគ្នាជាមួយក្រុមហ៊ុនផលិតស្បែកជើងដ៏ល្បីល្បាញ New Balance ដើម្បីដាក់បង្ហាញនៅគំរូរថយន្ត “Nissan KICKS 327 EDITION” ដែលត្រូវបានតុបតែងជាមួយនឹងលំនាំផ្នែកខាងក្រៅនៃស្បែកជើង “New Balance 327” នៅក្នុងទីផ្សារប្រទេសជប៉ុន។
Nissan KICKS 327 EDITION គឺជាគំរូររថយន្តផ្តាច់មុខដែលមានការរចនាផ្នែកខាងក្រៅស្រដៀងទៅនឹងស្បែកជើងប៉ាតា New Balance 327 ។ វាក៏ត្រូវបានតុបតែងជាមួយនឹងឡូហ្គោរាងអក្សរ N ដ៏ធំមួយនៅចំហៀងរថយន្ត ដែលជាចំណុចសម្គាល់ស្ទើរតែទាំងស្រុងនៃស្បែកជើង New Balance ។
គំរូរថយន្ត Nissan KICKS 327 EDITION ត្រូវបានផលិតឡើងជាផ្នែកនៃយុទ្ធនាការផ្សព្វផ្សាយដោយទាំង Nissan និង New Balance ដោយមានព្រឹត្តិការណ៍ពិសេសសម្រាប់អ្នកដែលបានឃើញរថយន្ត ដោយអាចថតរូប និងបង្ហោះវានៅលើ Twitter ដើម្បីឈ្នះរថយន្ត Nissan Kicks ម៉ូដែលធម្មតា ដែលនឹងធ្វើឡើងនៅតាមដងផ្លូវនៃទីក្រុងតូក្យូ និងអូសាកា សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានផ្តល់ជារង្វាន់ស្បែកជើង New Balance 327 ដោយឥតគិតថ្លៃ ដោយគ្រាន់តែបង្ហោះ retweet យុទ្ធនាការពិសេសនេះទៅកាន់ Twitter ផ្ទាល់ខ្លួន ដោយអាចនឹងទទួលបានស្បែកជើងខាងលើ មានវត្ថុអនុស្សាវរីយ៍ពិសេសចំនួន ៣ រួមមាន តែមស្បែកជើងម៉ាក Nissan បន្ទះបាតស្បែកជើង KICKS មួយ និងខ្សែស្បែកជើងដែលតុបតែងដោយអក្សរ KICKS e-POWER 4WD ជាដើម៕