
ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan ត្រូវបានគេរាយការណ៍ថា នឹងនាំយកនូវរថយន្តអគ្គិសនីថ្មីមួយរបស់ខ្លួនគឺ Nissan N7 ទៅលក់នៅក្នុងទីផ្សារប្រទេសជប៉ុននៅក្នុងពេលឆាប់ៗខាងមុខនេះ ដែលរថយន្តនេះគឺត្រូវបានបង្កើតឡើងដោយការសហការគ្នាជាមួយក្រុមហ៊ុន Dongfeng Nissan របស់ប្រទេសចិន។
គួរឲដឹងថា រថយន្តអគ្គីសនីសុទ្ធ Nissan N7 ត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី ២៧ ខែមេសា មានជម្រើសចំនួន ៥ ជាមួយតម្លៃលក់ចាប់ពី ១៤ ០០០ ដុល្លារ ដល់ ១៧ ៥០០ ដុល្លារ។
Nissan N7 ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង New Energy architecture ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៧២ សេះ ផ្គួបជាមួយអាគុយទំហំ ៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៦៣៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ខណៈសាកថ្មតែ ១៩នាទី ក៏អាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រ ដែរ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៩៥ ម.ម កម្ពស់ ១ ៤៨៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅត្រូវបានឌីស្សាញបែប Minimalistic ផ្តល់នៅរូបរាងបែបស្ព័រ មានផ្នែខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៉ីញ ជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានឌីស្សាញបែប Minimalistic ដែរ ពោលគឺមានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8295 រួមទាំងប្រព័ន្ធ Ai DeepSeek ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដ៏ឆ្លាតវៃជាច្រើនមុខថារផងដែរ៕