[ទីផ្សារបរទេស] ក្រុមហ៊ុន Nissan Motor Co គ្រោងនឹងបញ្ឈប់ការផលិតម៉ាស៊ីនចំហេះខាងក្នុងថ្មីនៅក្នុងទីផ្សារសំខាន់ៗទាំងអស់របស់ខ្លួន លើកលែងតែសហរដ្ឋអាមេរិក ហើយផ្តោតលើការផលិតរថយន្តអគ្គិសនីវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ នឹងបន្តការអភិវឌ្ឍន៍មានកម្រិតទៅលើម៉ាស៊ីនសាំងរបស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយភាគច្រើនសម្រាប់រថយន្តភីកអាប់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Nissan មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters ដើម្បីសុំការអត្ថាធិប្បាយនោះទេ។
សារព័ត៌មាន Nikkei របស់ជប៉ុន បានរាយការណ៍កាលពីខែធ្នូថា ក្រុមហ៊ុន Nissan មានគម្រោងសាងសង់រោងចក្រកែច្នៃអាគុយថ្មីនៅសហរដ្ឋអាមេរិក និងអឺរ៉ុប នៅចុងឆ្នាំសារពើពន្ធ ២០២៥។
សូមបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោក រួមទាំងក្រុមហ៊ុន General Motors និង Ford Motor Co បានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីផ្លាស់ប្តូរត្រកូលរថយន្តរបស់ពួកគេទៅជារថយន្តអគ្គិសនីវិញ៕
ប្រភព ៖ channelnewsasia