Nissan នឹង​បង្កើត​រោងចក្រ​កែ​ច្នៃ​អាគុយឡានថ្មី​ នៅ​អាមេរិក និងអឺរ៉ុប​

យោងតាមសារព័ត៌មានជប៉ុន Nikkei បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Nissan Motor Co គ្រោងនឹងបង្កើតរោងចក្រកែច្នៃអាគុយរថយន្តថ្មី នៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប នៅត្រឹមចុងឆ្នាំ២០២៥។

គេហទំព័រ Nikkei បាននិយាយថា Nissan សង្ឃឹមថាការកែច្នៃអាគុយរថយន្តនិងប្រើប្រាស់វាឡើងវិញក្នុងរថយន្តអគ្គិសនី នឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ខណៈដែលតម្លៃលោហៈកម្រកើនឡើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របាយការណ៍ខាងលើបានបន្ថែមទៀតថា រោងចក្រទាំងនេះ នឹងក្លាយជារោងចក្រកែច្នៃអាគុយរថយន្តដំបូងរបស់ក្រុមហ៊ុន Nissan ដែលត្រូវបានសាងសង់នៅខាងក្រៅប្រទេសជប៉ុន ប៉ុន្តែមិនបានបញ្ជាក់អំពីប្រទេសនៅអឺរ៉ុបណា ដែលរោងចក្រនឹងត្រូវបានសាងសង់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Nissan មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters នោះទេ។

គួររំលឹកឲ្យដឹងដែរថា កាលពីខែមុន ក្រុមហ៊ុនបានប្រកាសពីការជំរុញផ្នែកអគ្គិសនីរបស់ខ្លួន ដោយប្តេជ្ញាចំណាយប្រាក់ ១៧,៥៣ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីបង្កើនរថយន្តប្រើថាមពលអគ្គិសនី ដើម្បីតាមឲ្យទាន់គូប្រជែងនៅក្នុងផ្នែកដែលកំពុងរីកចម្រើនលឿនបំផុតសម្រាប់អ្នកផលិតរថយន្ត។

ក្រុមហ៊ុនផលិតរថយន្ត Nissan ក៏បាននិយាយទៀតថា ពួកគេគ្រោងនឹងដាក់លក់រថយន្តប្រើថាមពលអគ្គិសនីចំនួន ២៣ ម៉ូដែល រួមទាំងរថយន្តអគ្គិសនីសុទ្ធ ចំនួន ១៥ ម៉ូដែឡនៅឆ្នាំត្រឹមឆ្នាំ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម