
ក្រុមហ៊ុនជប៉ុន Nissan បានបង្ហាញពីរូបភាពគម្រូរបស់រថយន្ត Nissan Leaf ឆ្នាំ២០២៦ ដែលត្រៀមបង្ហាញនៅក្នុង ខែមិថុនា ខាងមុខនេះ។
យោងតាមទស្សនាវដ្តី Autocar របស់ចក្រភពអង់គ្លេស បានរាយការណ៍ពីការពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Nissan ពាក់ព័ន្ធជាមួយរថយន្ត Nissan Leaf ស៊េរី២០២៦ តាមការបញ្ជក់ពីក្រុមហ៊ុន រថយន្ដនេះត្រូវបានបន្ថែមថាមពលថ្ម ដើម្បីធានានូវការបើកបានបានតែឆ្ងាយនិងបានរចនាឡើងរូបថ្មីបែបរថយន្ដនាពេលអនាគត។ យោងតាមសារព័ត៌មានធំៗនៅបរទេស ក៏បានចុះផ្សាយថា រថយន្ដអគ្គិសនី Nissan Leaf បើកបរបានរយ:ចម្ងាយ ៦០០គីឡូម៉ែត្រ។
រថយន្ដនេះអាចនឹងបំពាក់មកជាមួយអាគុយធំជាង រថយន្តអគ្គិសនី Nissan Ariya ទៅទៀត តាមការប៉ាន់ស្មានអាចនឹងប្រើអាគុយទំហំ ៦៣kWh ឬ ៨៧kWh។
ក្នុងឆ្នាំ២០២៦ ក្រុមហ៊ុនជប៉ុន Nissan នឹងត្រៀមបង្ហាញនូវរថយន្ដ៣ម៉ូដែលរបស់ខ្លួនរួមមាន៖ Nissan Leaf, Nissan Micra និង Nissan Juke។ ចំពោះព័ត៌មានលម្អិត ទាក់ទងនិងរថយន្តស៊េរីឆ្នាំ២០២៦ ទាំង៣គ្រឿងនេះ ក្រុមហ៊ុនមិនបានបង្ហាញជាផ្លូវការនៅឡើយទេ។
រថយន្ត Nissan Leaf ត្រូវបានចេញលក់ដំបូងក្នុងឆ្នាំ ២០១០ ហើយបានក្លាយជារថយន្តអគ្គិសនីផលិតទ្រង់ទ្រាយធំដំបូងគេរបស់ពិភពលោក ដោយលក់បានជាង ៦៥០,០០០ គ្រឿងគិតត្រឹមពាក់កណ្តាលឆ្នាំ ២០២៣៕