
រថយន្ត SUV អគ្គិសនី Onvo L90 របស់ក្រុមហ៊ុន Nio ដែលមានបច្ចេកវិទ្យាប្ដូរអាគុយ នឹងដាក់លក់នៅប្រទេសចិន ជាមួយនឹងតម្លៃចាប់ផ្ដើមក្រោម 41,870 ដុល្លារ។ រថយន្តលក្ខណៈគ្រួសារ ៦កៅអីនេះ គាំទ្រការសាកថ្ម 900V high-voltage មានកម្លាំង 590សេះ និងអាចបើកបរបានចម្ងាយ 605 គីឡូម៉ែត្រ គិតថាស្ដង់ដារវាស់ចម្ងាយ CLTC។
Onvo គឺជាម៉ាករថយន្តសម្រាប់ដាក់លក់ទីផ្សារប្រទេសចិន ត្រូវបានដាក់បំបែកចេញពីក្រុមហ៊ុន Nio នៅខែឧសភា ឆ្នាំ ២០២៤ ដើម្បីបង្កើនបរិមាណលក់។ បច្ចុប្បន្នម៉ាកយីហោថ្មីនេះ ទើបតែដាក់លក់បានតែមួយម៉ូឌែលគត់គឺរថយន្ត Onvo L60 fastback crossover មានតម្លៃ 206,900 យ័ន ស្មើនិងប្រមាណ 28,875 ដុល្លារ។ យោងតាមទិន្នន័យពី China EV DataTracker ការលក់សរុបរបស់រថយន្ដចាប់ពីខែកញ្ញា ឆ្នាំ ២០២៤ ដល់ខែឧសភា ឆ្នាំ ២០២៥ លក់បាន 46,223 គ្រឿងនៅក្នុងប្រទេសចិន។ ក្នុងពេលឆាប់ៗនេះ ម៉ូឌែលទី2 ក្រោមម៉ាក Onvo នឹងមានវត្ដមានចូលមកក្នុងទីផ្សារក្នុងស្រុក។
នៅក្នុងការផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញ លោក William Li ជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nio បានថ្លែងថា តម្លៃរបស់រថយន្ត Onvo L90 នឹងដាក់ជាមួយតម្លៃចាប់ផ្ដើមក្រោម 41,870 ដុល្លារនៅទីផ្សារប្រទេសចិន។ គួររំលឹកផងដែរថា រថយន្ត L90 ផ្ដល់ជូននូវជម្រើសម៉ូឌែល ៥កៅអីជាមួយតម្លៃកាន់តែធូរថ្លៃគឺម៉ឌែល Onvo L80 រថយន្ដនេះត្រូវបានគេរំពឹងថានឹងដាក់លក់បន្ទាប់ពី L90។ ទោះជាយ៉ាងណាក៏ដោយ លោក William Li មិនបានបញ្ជាក់ពីតម្លៃចាប់ផ្តើមរបស់ L80 នៅក្នុងសុន្ទរកថារបស់លោកនោះទេ។
រថយន្ត Onvo L90 នឹងត្រូវការប្រកួតប្រជែងខ្លាំងនៅទីផ្សារប្រទេសចិន ជាមួយដៃគូជាច្រើនស្ថិតក្នុង Range តម្លៃចន្លោះពី៤មុឺនទៅ៥មុឺនដុល្លារ។ ខាងក្រោមនេះជា រថយន្ត SUV ដែលជាដៃគូប្រជែងជាមួយរថយន្ដ L90៖
- Deepal S09: ដាក់លក់ជាមួយតម្លៃចន្លោះពី 33,480 ដល់ 43,250 ដុល្លារ
- GAC Hyptec HL: ដាក់លក់ជាមួយតម្លៃចន្លោះពី 37,650 ដល់ 45,630 ដុល្លារ
- Wey 07: ដាក់លក់ជាមួយតម្លៃចន្លោះពី 41,840 ដល់ 45,610 ដុល្លារ
- Aito M7: ដាក់លក់ជាមួយតម្លៃចន្លោះពី 34,860 ដល់ 46,030 ដុល្លារ
- Lynk & Co 900: ដាក់លក់ជាមួយតម្លៃចន្លោះពី 43,235 ដល់ 58,170 ដុល្លារ
- Li L8: ដាក់លក់ជាមួយតម្លៃចន្លោះពី 44,910 53,000 ដុល្លារ
រថយន្ត Onvo L90 ម៉ូឌែលមូលដ្ឋាន ដំណើរការដោយម៉ូទ័រអគ្គិសនីតែមួយនៅផ្នែកខាងក្រោយ។ ព័ត៌មានលម្អិតនេះបានបង្ហាញថា ម៉ូឌែល 4WD នឹងមានតម្លៃលើសពី 41,870 ដុល្លារ ខណៈតម្លៃរបស់វាទំនងជានឹងឈានដល់ 48,850 ដុល្លារ។
រថយន្ត Onvo L90 គឺជាប្រភេទរថយន្ត SUV អគ្គិសនីខ្នាតធំ មានប្រវែងតួខ្លួនសរុប 5,145mm ទទឹង 1,998mm កម្ពស់ 1,766mm គម្លាតកង់មុខក្រោយ 3,110mm និងបំពាក់ជាមួយថាសកង់ទំហំ ២១ អុីង។ កៅអីនីនៅផ្នែកខាងក្នុងរបស់ Onvo L90 សុទ្ធតែជាកៅចុចអូតូ។ អ្វីកាន់តែពិសេសនៅកៅអីជួរទី២ មានបំពាក់មកជាមួយទូរទឹកកក និងអេក្រង់កម្សាន្ដនៅលើកំពូល។
រថយន្ត Onvo L90 នឹងត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសម៉ូទ័រអគ្គិសនីចំនួន២ប្រភេទ។ ក្នុងនោះម៉ូឌែលប្រើម៉ូទ័រ RWD ចំនួនមួយនៅផ្នែកខាងក្រោយ អាចផលិតម្លាំងបាន ៤៥៦សេះ ខណៈម៉ូដែលប្រើម៉ទ័រ 4WD ចំនួនពីរ អាចផលិតកម្លាំងសរុបរហូតដល់ ៥៩០សេះ។ រថយន្ត Onvo L90 បំពាក់មកជាមួយអាគុយទំហំ ៨៥គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៥៧០ – ៦០៥ គីឡូម៉ែត្រ តាមស្តង់ដារវាស់ចម្ងាយ CLTC។ រថយន្ត L90 គាំទ្របច្ចេកវិទ្យាប្តូរថ្ម (battery swap)។ រថយន្ត Onvo L90 នឹងចាប់ផ្តើមទទួលការបញ្ជាទិញកក់មុននៅថ្ងៃទី ១០ ខែកក្កដា។ ក្រុមហ៊ុន Nio បានចាប់ផ្តើមបញ្ជូនរថយន្តទៅកាន់ទីផ្សារប្រទេសចិនរួចហើយ៕