Panasonic នឹងវិនិយោគលុយ ៧០០ លានដុល្លារ ដើម្បីផលិតអាគុយឡានឲ្យ Tesla

ក្រុមហ៊ុន Panasonic របស់ប្រទេសជប៉ុន នឹងចាប់ផ្តើមផលិតអាគុយលីចូម-អ៊ីយ៉ុងថ្មី (lithium-ion battery) របស់ខ្លួន សម្រាប់ក្រុមហ៊ុន Tesla ចាប់ពីដើមឆ្នាំ ២០២៣ ដោយមានផែនការវិនិយោគប្រហែល ៨០ ពាន់លានយ៉េន (ឬ ៧០៥លានដុល្លារ) លើកន្លែងផលិតនៅក្នុងប្រទេសជប៉ុន។

ក្រុមហ៊ុន Panasonic បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់សារព័ត៌មាន Reuters ថា “យើងកំពុងសិក្សាពីជម្រើសផ្សេងៗសម្រាប់ផលិតកម្មទ្រង់ទ្រាយធំ រួមទាំងខ្សែសង្វាក់ផលិតកម្មសាកល្បង ដែលយើងកំពុងបង្កើតនៅឆ្នាំអាជីវកម្មនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនមានអ្វីដែលត្រូវប្រកាសនៅពេលនេះទេ”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកថា ក្រុមហ៊ុន Panasonic បានបង្ហាញកញ្ចប់អាគុយទម្រង់ 4680 format (ទទឹង ៤៦ មីលីម៉ែត្រ និងកម្ពស់ ៨០ មីលីម៉ែត្រ) នៅក្នុងខែតុលា ដែលមានទំហំប្រហែល ៥ដងធំជាងអាគុយដែលវាផ្គត់ផ្គង់ទៅឲ្យ Tesla នាពេលបច្ចុប្បន្ន ហើយវាក៏រំពឹងថា នឹងជួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកខាងលើ កាត់បន្ថយការចំណាយលើការផលិតផងដែរ។

បើតាមសារព័ត៌មាន Nikkei របស់ជប៉ុនបាននិយាយថា Panasonic នឹងផលិតអាគុយទម្រង់ 4680 នៅរោងចក្រមួយ ក្នុងខេត្ត Wakayama ភាគខាងលិចប្រទេសជប៉ុន ជាមួយនឹងទិន្នផលតិចជាង ១០ ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ស្មើនឹងរថយន្តប្រហែល ១៥០ ០០០ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម