Peugeot ដាក់បង្ហាញរថយន្ត Peugeot 2008 មុខមាត់ថ្មី សាកភ្លើងម្តងជិះបាន ៤០៦ គីឡូម៉ែត្រ សម្រាប់ទីផ្សារអឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Peugeot 2008 មុខមាត់ថ្មីទៅកាន់ទីផ្សារសកលជាមួយថាមពលម៉ាស៊ីនខ្លាំងជាងមុន សម្រាប់នៅទីផ្សារក្នុងតំបន់អឺរ៉ុប ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៤៧ ម.ម ទទឹង ១ ៨៤១ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៧៥ ម.ម ។ Peugeot 2008 មុខមាត់ថ្មី មានការរចនារូបរាងថ្មីទាំងស្រុងនៅផ្នែកខាងមុខ ដូចជាប៉ាណា និងឡូហ្គោថ្មី បានបន្ថែមការចនាអំពូលបំភ្លឺពេលថ្ងៃដែលឲ្យឈ្មោះថា 3-cat claw ប្រើប្រាស់នៅថាសកង់ថ្មីទំហំ ១៦ អ៉ីញ ដល់ ១៨ អ៉ីញ និងផ្នែកខាងក្រោយបានធ្វើការកែប្រែទៅលើសំណុំចង្កៀងដោយប្រើប្រាស់ជាប្រភេទ LED ទាំងអស់  ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ទទួលបានការតុបតែងថ្មីផងដែរ ដោយមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលប្រភេទ i-cockpit 3D ទំហំ ១០ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៉ីញថ្មីផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ Peugeot ក៏បានបន្ថែមមុខងារបន្ថែមទៀតទៅកាន់កម្មវិធី MyPeugeot ទៀតផង ។

ការផ្លាស់ប្តូរធំគឺនៅផ្នែកម៉ាស៊ីន សម្រាប់ម៉ូដែល E-2008 ដោយទទួលបានម៉ូទ័រអគ្គិសនីដែលមានកម្លាំងលើសមុន ១៥% អាចផលិតកម្លាំងបានដល់ ១៥៦ សេស ផ្គួបជាមួយអាគុយទំហំ​ ៥០គីឡូវ៉ាត់ម៉ោង ដល់ ៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៦ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម