Peugeot នឹងលក់តែឡានអគ្គិសនីសុទ្ធនៅអឺរ៉ុប ចាប់ពីឆ្នាំ២០៣០តទៅ

ម៉ាករថយន្តទាំងអស់ដែលស្ថិតក្រោមដំបូលក្រុមហ៊ុន Stellantis នឹងផ្លាស់ខ្លួនទៅជាម៉ាករថយន្តអគ្គិសនីនៅពេលអនាគតដ៏ខ្លីខាងមុខនេះ ហើយ Peugeot គឺជាម៉ាកមួយស្ថិតក្នុងចំណោមម៉ាកដែលវិវត្តន៍ខ្លួនទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធ។

ការប្រកាសរបស់ Peugeot បានឲ្យដឹងថាក្រុមហ៊ុននឹងដាក់លក់តែរថយន្តអគ្គិសនីសុទ្ធនៅចាប់ពីឆ្នាំ២០៣០តទៅ ដែលការដាក់គោលដៅនេះគឺចាប់ផ្ដើមពីទីផ្សារអឺរ៉ុបជាមុនសិន។ ដោយឡែកលើទីផ្សារអន្តរជាតិ ក្រុមហ៊ុននឹងបន្តប្រកាសចេញរថយន្តម៉ាស៊ីនពីស្តុងម៉ូដែលថ្មីជាបន្តបន្ទាប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាម៉ាករថយន្តដទៃទៀតដែលស្ថិតក្រោម Stellantis ដែលប្រកាសពីផែនការរថយន្តអគ្គិសនីសុទ្ធរួមមានម៉ាក DS, Alfa Romeo និង Opel ដែលក្រុមហ៊ុនទាំងបីនេះនឹងប្រកាសចេញតែរថយន្តអគ្គិសនីសុទ្ធចាប់ពីឆ្នាំ២០២៦, ឆ្នាំ២០២៧ និងឆ្នាំ២០២៨ តទៅ។

ផែនការបន្ទាប់របស់ Peugeot ជាមួយរថយន្តអគ្គិសនីគឺការប្រកាសចេញរថយន្ត 308 ប្រភេទអគ្គិសនីដែលគ្រោងធ្វើឡើងនាឆ្នាំ២០២៣។ បន្ថែមពីនេះរថយន្ត 3008 ក៏នឹងមានចេញជំនាន់ថ្មី ហើយវានឹងមានបន្ថែមមកជាមួយនូវជម្រើសអគ្គិសនីសុទ្ធដែលនឹងត្រូវផលិតនៅប្រទេសបារាំង។ បច្ចុប្បន្ននេះ Peugeot មានតែរថយន្ត 208 និង 2008 ប៉ុណ្ណោះដែលមានផ្ដល់ជូនជាប្រភេទអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម