[ទីផ្សារបរទេស] កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្ត Peugeot សហការជាមួយ Dongfeng បានធ្វើការដាក់បញ្ចេញនៅរូបភាពផ្លូវការរបស់រថយន្ត Peugeot 4008 ប្រភេទ SUV ខ្នាតតូច មុនពេលចេញតម្លៃលក់ជាផ្លូវការនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២ ក្នុងប្រទេសចិន។
សម្រាប់រថយន្ត Peugeot 4008 មានលក្ខណៈពិសេសដោយភ្ជាប់មកជាមួយការរចនាផ្នែកខាងមុខស្រដៀងទៅនឹងម៉ូដែល 408 ដោយបានបំពាក់ជាមួយប៉ាណាខាងមុខឲ្យឈ្មោះថា Dot-Matrix អមជាមួយនឹងចង្កៀងបំភ្លឺពេលថ្ងៃ ចង្កៀងខាងក្រោយ LED ឲ្យឈ្មោះថា “Lion’s Claw LED” រាងស្លីម រួមជាមួយកាងខ្យល់ spoiler ភ្ជាប់ជាមួយនឹងឡូហ្គោសត្វតោថ្មី បំពង់ស៊ីមាំងភ្លោះ និងថាសកង់ស្ព័រប្រភេទ 5-spoke ពណ៌ខ្មៅទំហំ ១៨ អ៊ីញ។
ចំណែកផ្នែកខាងក្នុងប្រើប្រាស់ការរចនា i-Cockpit ដោយសង្កត់ធ្ងន់ទៅលើភាពប្រណីតនៃរថយន្តលក្ខណៈគ្រួសារ និងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថល 3D ទំហំ ១២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៊ីញ ជាមួយនឹងប្រព័ន្ធ Focal Premium Hi-Fi, ឧបករណ៍បំពងសំឡេងចំនួន ១៤ចំនុច ការតភ្ជាប់បណ្តាញឆ្លាតវៃ Dongfeng Peugeot Blue-i 3.0 បំពាក់ដោយ ACC adaptive cruise, CarPlay, ប្រព័ន្ធបន្សុទ្ធខ្យល់ AQS, កាំមេរ៉ា ៣៦០ដឺក្រេ ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ផលិតកម្លាំងបាន ១៦៧ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨វគ្គ៕