
រថយន្ត Polestar 3 បានក្លាយជាម្ចាស់កំណត់ត្រាថ្មីសម្រាប់ការបើកបរធ្វើដំណើរផ្លូវឆ្ងាយបំផុតក្នុងនាមជារថយន្ដប្រភេទ SUV អគ្គិសនីដោយការសាកថ្មពេញតែម្តង និងចំណាយពេលជិត 23ម៉ោងដើម្បីបញ្ចប់ការធ្វើដំណើរ។
រថយន្តអគ្គិសនី Polestar 3 បានបើកបរចម្ងាយ 935.44 គីឡូម៉ែត្រ (581.3 ម៉ាយ) នៅលើផ្លូវសាធារណៈក្នុងចក្រភពអង់គ្លេស ដោយបានបង្កើតកំណត់ត្រាពិភពលោកថ្មីរបស់ Guinness ជារថយន្ដ SUV អគ្គិសនីដែលធ្វើដំណើរបានចម្ងាយឆ្ងាយបំផុតនៅលើពិភពលោក។
រឿងរ៉ាវក្នុងការដើម្បីបំបែកកំណត់ត្រានេះ ត្រូវបានធ្វើឡើងនៅលើផ្លូវសាធារណៈក្នុងចក្រភពអង់គ្លេស ដោយចំណាយពេល 22 ម៉ោង និង 57 នាទីដើម្បីបញ្ចប់។ វាជាពេលវេលាដ៏យូរអង្វែង ដូច្នេះហើយក្រុមនេះមានអ្នកបើកបរចំនួន 3 នាក់ ដែលបានប្ដូរវេនគ្នាបើកបររថយន្ត។ តាមការគណនា ល្បឿនមធ្យមក្នុងអំឡុងពេលធ្វើដំណើរដើម្បីបំបែកកំណត់ត្រានោះ គឺ 25.3 ម៉ាយ (40.7 គីឡូម៉ែត្រ) ក្នុងមួយម៉ោង។
ក្រុមការងារបានចេញដំណើរនៅម៉ោង 2 ទៀបភ្លឺ ដើម្បីទាញយកប្រយោជន៍ពីផ្លូវស្ងាត់នៅពេលព្រឹក និងបានបន្តបើកបរលើផ្លូវរាបស្មើក្នុងតំបន់ Norfolk។ នៅចុងបញ្ចប់នៃការធ្វើដំណើរដ៏វែងឆ្ងាយនេះ រថយន្តនេះមានកម្រិតសុីថាមពលជាមធ្យម 5.1 ម៉ាយក្នុងមួយគីឡូវ៉ាត់ម៉ោង (19.5 kWh/100 ម៉ាយ ឬ 12.1 kWh/100 គីឡូម៉ែត្រ)។
កំណត់ត្រានេះត្រូវបានទទួលស្គាល់ជាផ្លូវការដោយចៅក្រមរបស់ Guinness World Records គឺលោកស្រី Paulina Sapinska ខណៈដែលក្រុមហ៊ុនគ្រប់គ្រងកងយានយន្ត Webfleet ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ទទួលខុសត្រូវក្នុងការប្រមូលវីដេអូដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យ ការអានអូដូម៉ែត្រ ការអាន GPS និងទិន្នន័យកម្រិតថាមពលថ្ម។ រថយន្តនេះមិនត្រូវបានកែច្នៃតាមវិធីណាមួយឡើយ ហើយបានប្រើប្រាស់កង់ទំហំ 20 អ៊ីញស្តង់ដារដែលបំពាក់ជាមួយសំបកកង់ Michelin Sport 4 EV ស្តង់ដារ៕