Porsche រំពឹងថាអាចផលិតឡាន Macan អគ្គិសនីសុទ្ធ បាន៨ម៉ឺនគ្រឿងក្នុងមួយឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche មាន​មហិច្ឆតា​ធំ​សម្រាប់រថយន្ត Macan អគ្គិសនីសុទ្ធ ដោយ​ក្រុមហ៊ុន​រំពឹងថា​រថយន្ត​នេះ​អាច​នឹងទទួលការគាំទ្រដូចជា Macan ប្រភេទប្រើម៉ាស៊ីនប្រេងសាំងដែរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Automobilwoche ប្រធាន​ផលិត​ប្រចាំ Porsche លោក Albrecht Reimold បាន​បញ្ជាក់​ថា​រថយន្ត Macan អគ្គិសនីនឹងចូលរោងចក្រផលិតនៅមុនដំណាច់ឆ្នាំ២០២២នេះ។ លោក Albrecht Reimold បាន​លើក​ឡើង​ថា ៖ “យើងផលិតរថយន្ត Macan បច្ចុប្បន្នបាន​ជាង ៨ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្នុងពេលយូរអង្វែង យើង​ក៏​គ្រោង​ផលិត​រថយន្ត Macan អគ្គិសនីក្នុងទំហំដូចគ្នានេះដែរ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Porsche កន្លងមកធ្លាប់បានបញ្ជាក់ថាខ្លួននឹងផលិតរថយន្ត Macan អគ្គិសនី ជាមួយ​ Macan ប្រើ​ម៉ាស៊ីន​ប្រេងសាំង​ប្រមាណ​ជា​រយៈពេល​ពីរឆ្នាំ​ក្នុងពេលទន្ទឹមគ្នា មុនឈានដល់ការបញ្ឈប់ការផលិត Macan ប្រើ​ម៉ាស៊ីន​ប្រេងសាំង​តែម្ដង។

Porsche Macan បានក្លាយជារថយន្តពេញនិយមបំផុតមួយរបស់ Porsche ដោយក្នុងឆមាសទីមួយ​នៃ​ឆ្នាំ​២០២២នេះ ចំនួន​លក់​របស់​វា​មាន​ចំនួន ៣៨ ០៣៩គ្រឿង ស្ថិតនៅចំណាត់ថ្នាក់លេខពីរបន្ទាប់ពីម៉ូដែល Cayenne ដែលលក់បាន ៤១ ៩៤៧គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម