[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche កំពុងត្រៀមខ្លួនដាក់លក់ភាគហ៊ុនលើទីផ្សារក្នុងខែកញ្ញាខាងមុខនេះ ដោយដាក់គោលដៅតម្លៃទីផ្សារចន្លោះពី ៦០ ដល់ ៨៥ពាន់លានដុល្លារ។ នេះបើតាមការឲ្យដឹងពីប្រភពជិតស្និទ្ធនឹងក្រុមហ៊ុន។
ប្រភពកំបាំងមុខបានប្រាប់ដល់ Bloomberg ថាក្រុមហ៊ុន Porsche នឹងប្រកាសពីផែនការលក់ភាគហ៊ុន បន្ទាប់ពីក្រុមប្រឹក្សាភិបាលចុះហត្ថលេខាឯកភាព និងបាននិយាយថាភាគហ៊ុនរបស់ Porsche ទទួលបានការកុម្ម៉ង់ទិញច្រើនជាងភាគហ៊ុនដែលមានលក់ទៅទៀត។
ក្រុមហ៊ុនបណ្ដាក់ទុនដែលបានត្រៀមខ្លួនធ្វើជាម្ចាស់ភាគហ៊ុនរបស់ Porsche មានដូចជា T Rowe Price Group និង Qatar Investment Authority ហើយស្ថាបិកនៃភេសជ្ជៈ Red Bull លោក Dietrich Mateschitz ក៏បានបង្ហាញការចាប់ចិត្ត រួមទាំងលោក Bernard Arnault ដែលជាម្ចាស់ក្រុមហ៊ុន LVMH ផងដែរ។
ក្រោមកិច្ចព្រមព្រៀងលក់ភាគហ៊ុន ក្រុមហ៊ុន Volkswagen នឹងជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុន Porsche ហើយវិនិយោគិននឹងអាចទិញភាគហ៊ុន ប៉ុន្តែភាគហ៊ុនទាំងនោះមិនផ្ដល់សិទ្ធិក្នុងការបោះឆ្នោតឡើយ។
Porsche សង្ឃឹមថាការចូលទីផ្សារភាគហ៊ុនរបស់ខ្លួនអាចនឹងប្រសើរជាងក្រុមហ៊ុន Polestar ដែលបានចូលទីផ្សារភាគហ៊ុនកាលពីដើមឆ្នាំ និងទទួលបានតម្លៃភាគហ៊ុនល្អតែថ្ងៃដំបូង ប៉ុន្តែបែរជាធ្លាក់ចុះយ៉ាងគំហុកនៅសប្ដាហ៍បន្ទាប់៕