ពិភពលោកនៃពណ៌រថយន្តផ្នែកខាងក្រៅកំពុងតែបោះជំហានតូចមួយចាកចេញពីពណ៌ខ្មៅ ពណ៌ប្រផេះ និងពណ៌ស ដែលបានវាយលុកកាលពីរាប់សិបឆ្នាំកន្លងទៅ។ ដូចជា Porsche ជាដើម កាលពីថ្មីៗនេះបានប្រកាសថាខ្លួននឹងពង្រីកកម្មវិធី Paint to Sample ដើម្បីផ្ដល់ជូនពណ៌ឲ្យកាន់តែច្រើនសម្បូរបែបថែមទៀត។
យ៉ាងណាក្ដីការបង្កើតបានពណ៌ខាងក្រៅមួយៗគឺមិនមែនជារឿងងាយស្រួលឡើយ ដោយពណ៌មួយចំនួនត្រូវប្រើប្រាស់ពេលរហូតដល់ ៣ ទៅ ៤ឆ្នាំ ទើបអាចបង្កើតចេញ និងអនុញ្ញាតឲ្យមានការប្រើប្រាស់បាន។ Daniela Milošević ដែលជាអ្នកឌីហ្សាញមួយរូបប្រចាំផ្នែក Color and Trim Design របស់ក្រុមហ៊ុន Porsche បាននិយាយថារូបនាងត្រូវគិតមុននិន្នាការជាច្រើនឆ្នាំ ដើម្បីអាចប្រាកដថាពណ៌ថ្មីដែលបង្កើតចេញមកគឺត្រូវគ្នានឹងភាពពេញនិយមរបស់រថយន្ត។
នេះក៏ដោយសារពណ៌នីមួយៗដែលនាងបានគិតទុកពីបច្ចុប្បន្ននេះ អាចនឹងចំណាយពេល ៣ ទៅ ៤ឆ្នាំទើបទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់។ គ្រប់ទឹកថ្នាំពណ៌ថ្មីទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាល ដោយក្នុងនោះការតេស្តដែលប្រើពេលយូរជាងគេគឺតេស្តសមត្ថភាពធន់នឹងធាតុអាកាស។ ការតេស្តធាតុអាកាសនេះធ្វើឡើងដោយលាបទឹកថ្នាំលើបន្ទះមួយ ដែលត្រូវដាក់ឲ្យចំពន្លឺថ្ងៃរយៈពេល២ឆ្នាំ។
បន្ថែមពីនេះមានការធ្វើតេស្តលើសុវត្ថិភាពទាក់ទងនឹងអគ្គីភ័យ ការធ្វើតេស្តជាមួយការធន់នឹងទឹកប្រៃ និងការធ្វើតេស្តជាមួយការប៉ះទង្គិចនឹងថ្មថែមទៀតផង។ ជារៀងរាល់ឆ្នាំ Daniela Milošević និងក្រុមរបស់នាងបានបង្កើតពណ៌ថ្មីចំនួន១២ សម្រាប់រថយន្តម៉ូដែលថ្មី និងប្រភេទថ្មី ដែលជាធម្មតាមានតែពណ៌បួនប៉ុណ្ណោះត្រូវបានជ្រើសរើស៕