Porsche បានបង្ហាញចេញរថយន្ត Panamera ស៊េរីថ្មីកាលពីខែសីហាកន្លងទៅ ហើយពេលនេះក្រុមហ៊ុនបានបន្ថែមប្រភេទថ្មីមួយនៃរថយន្ត Panamera ជាប្រភេទដែលមានកម្លាំងខ្លាំងបំផុត និងជារថយន្ត Porsche លំដាប់ទីពីរដែលមានកម្លាំងខ្លាំង។
នោះគឺរថយន្ត Panamera Turbo S E-Hybrid ស៊េរីឆ្នាំ ២០២១ ជាប្រភេទរថយន្តប្រើប្រព័ន្ធម៉ាស៊ីន Plug-in Hybrid (PHEV) ដែលមានគួបផ្សំដោយម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន ៥៦៣សេះ។ រថយន្តនេះមានបំពាក់នូវអាគុយចំណុះ ១៧,៩គីឡូវ៉ាត់ម៉ោង ដែលផ្ដល់កម្លាំងដល់ម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ១៣៤សេះ។
ប្រព័ន្ធម៉ាស៊ីននេះអាចផ្ដល់កម្លាំងសរុបបាន ៦៨៩សេះ ដែលអាចឲ្យរថយន្តនេះស្ទុះពី ០-៩៦គ.ម/ម៉ ដោយប្រើពេលត្រឹម ៣វិនាទី និងមានល្បឿនអតិបរមា ៣១៥គ.ម/ម៉។
ក្រៅពីបង្ហាញចេញប្រភេទ PHEV នេះ Porsche ក៏បានបង្ហាញចេញនូវ Panamera 4S ស៊េរីឆ្នាំ ២០២១។ វាមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ ២,៩លីត្រ ៦ស៊ីឡាំង ផលិតកម្លាំងបាន ៤៤៣សេះ ដោយសម្រាប់ Option Sport Chrono វាអាចស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេល ៣,៩វិនាទីប៉ុណ្ណោះ ជាមួយល្បឿនអតិបរមា ២៩៥គ.ម/ម៉។
រថយន្ត Panamera ស៊េរីថ្មីទាំងអស់នឹងបើកទទួលការកុម្ម៉ង់ទិញនៅសហរដ្ឋអាមេរិកនាដើមឆ្នាំក្រោយនេះ ដោយតម្លៃនឹងត្រូវបង្ហាញចេញមុនការចេញលក់ជាផ្លូវការ៕