
ក្រុមហ៊ុន Porsche កំពុងតែពង្រីកបញ្ជីផលិតផលរថយន្តប្រណាំងសម្រាប់អតិថិជន របស់ខ្លួនបន្ថែមទៀត ជាមួយការផ្ដល់ជូនរថយន្ដម៉ូឌែល 911 GT4 R ជំនាន់ថ្មី។ នេះជាលើកដំបូងបង្អស់ហើយ ដែលរថយន្តផលិតឡើងសម្រាប់ការប្រកួតប្រជែងក្នុងកម្រិត GT4 លំដាប់សកល ត្រូវបានបង្កើតឡើងដោយផ្អែកលើគ្រោងឆ្អឹងនៃត្រកូលរថយន្ដ 911។
ចំពោះវិស័យកីឡាយានយន្តសម្រាប់អតិថិជនសកល (Global customer motorsport) អនុញ្ញាតឲ្យបុគ្គលឯកជន និងក្រុមប្រណាំងឡានឯកជននានា អាចចូលរួមប្រកួតប្រជែងនៅទូទាំងសកលលោក ដោយប្រើប្រាស់រថយន្តដែលផលិតឡើងដោយផ្ទាល់ចេញពីរោងចក្រ។ ឧ.ឲ្យងាយយល់នៅពេលដែលបុគ្គលណាមួយឬក្រុមប្រណាំងណាមួយទិញឡានប្រណាំង Porsche 911 GT4 R យកទៅប្រកួត ពួកគេមិនមែនទទួលបានតែរថយន្ដមួយគ្រឿងនោះទេ ប៉ុន្តែពួកគេនឹងទទួលនូវកញ្ចប់កម្មវិធី «Customer Motorsport Program» ដែលរួមបញ្ចូលនូវលក្ខខណ្ឌពិសេសៗដូចជា៖
- ការផ្គត់ផ្គង់គ្រឿងបន្លាស់ផ្លូវការ៖ ដោយរោងចក្រធានាថាមានគ្រឿងបន្លាស់នឹងដឹកទៅឲ្យដល់ទីលានប្រណាំង។
- ជំនួយលក្ខខណ្ឌបច្ចេកទេស៖ ក្រុមហ៊ុនផលិតឡាននឹងបញ្ជូន «វិស្វករពីរោងចក្រ» ទៅជួយមើលការខុសត្រូវ រៀបចំកំណត់ប្រព័ន្ធជើងក្រោម ឬម៉ាស៊ីនដល់ទីលានប្រណាំងផ្ទាល់តែម្តង។
- ការបណ្តុះបណ្តាលបន្ថែម៖ ដូចជាផ្ដល់នូវកម្មវិធីទៅបង្រៀនដល់អ្នកបើកបរ ដែលជាអតិថិជនឲ្យយយល់ច្បាស់ពីប្រព័ន្ធដំណើរនៃរថយន្ដឲ្យកាន់តែសុីជម្រៅ។
ឥឡូវងាកមើលរថយន្តប្រណាំង Porsche 911 GT4 R ដំណើរការដោយម៉ាស៊ីនប្រភេទ Boxer ចំណុះ ៤.០ លីត្រ ទំហំ ៦ស៊ីឡាំង អាចផលិតកម្លាំងបានរហូតដល់ ៥២០សេះ។ ការរំពឹងទុករថយន្ដនេះនឹងត្រូវបង្ហាញខ្លួនក្នុងការប្រកួតជាផ្លូវការដំបូង នៅក្នុងរដូវកាលកីឡាយានយន្តសម្រាប់អតិថិជនសកល (Global customer motorsport) ឆ្នាំ ២០២៧ ខាងមុខនេះ។
សម្រាប់រថយន្តមួយនេះត្រូវបានបង្កើតឡើងដោយផ្អែកលើលក្ខណៈបច្ចេកទេសនៃម៉ូឌែល Cup នាពេលបច្ចុប្បន្ន ដែលម៉ូឌែល Cup នោះសោត គឺត្រូវបានអភិវឌ្ឍចេញពីរថយន្តស្របច្បាប់ផ្លូវ 911 GT3 នៃជំនាន់ 992.2។ បើនិយាយអំពីប្រព័ន្ធគ្រោងឆ្អឹង និងប្រព័ន្ធជើងក្រោមវិញ រថយន្ដមួយនេះ មានទម្រង់រៀបចំខុសប្លែកពីម៉ូឌែល 911 Cup ដោយសារតែការកំណត់នៃបទប្បញ្ញត្តិប្រកួត៖ កង់រថយន្តនីមួយៗ មានទំហំទទឹងតូចជាងមុន ១ អ៊ីញ គឺត្រូវបានដំឡើងភ្ជាប់ដោយប្រើប្រាស់ទម្រង់ខ្ចៅ ៥ គ្រាប់ដែលជាស្តង់ដារដូចគ្នានឹងម៉ូដែលផលិតលក់នៅលើទីផ្សារទូទៅដែរ។ ចំណែកឯប្រព័ន្ធបូមទប់លំនឹងអាចលៃតម្រូវបានពីររបៀបនិងមានកម្រិតភាពទន់រឹងមានជម្រើស ៣ កម្រិត។
ងាកទៅមើលនៅផ្នែកខាងក្នុងកាប៊ីនអ្នកបើកបរអ្នកបើកបរមានបំពាក់ជាមួយអេក្រង់ពណ៌ទំហំ ១០.៣ អុីញ, ប្រព័ន្ធកត់ត្រាទិន្នន័យនិងប្រព័ន្ធ GPS ភ្ជាប់មកជាមួយទិន្នន័យច្បាស់លាស់ជួយគាំទ្រដល់ការវិភាគ និងការបង្កើនប្រសិទ្ធភាពសមត្ថភាពបើកបរក្នុងអំឡុងពេលប្រកួត៕

















