Porsche បញ្ចេញ​រថយន្តអគ្គិសនីដំបូងរបស់ខ្លួន តម្លៃចាប់ពី ១៥ ម៉ឺនដុល្លារ

ក្រុមហ៊ុន​អាល្លឺម៉ង់ Porsche បាន​បញ្ចេញ​រថយន្ត​អគ្គិសនី​ទ្វារ​បួន​របស់​ខ្លួន​ជា​ផ្លូវ​ការ​ ដែល​ជា​ម៉ូដែល Porsche Taycan មានកំណត់​តម្លៃ​ចាប់​ពី​ជាង ១៥ ម៉ឺន​ដុល្លារ​ឡើង​ទៅ។

រថយន្ត​អគ្គិសនី​នេះ​មាន​រចនាបថ​មិន​សូវ​ខុស​ប្លែក​ខ្លាំង​​ពី​រចនាបថ​រថយន្ត​ Porsche ដែល​ចេញ​នា​ពេល​កន្លង​មក​នោះ​ទេ។ នៅ​ផ្នែក​ខាង​ក្នុង​រថយន្ត​នេះ​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន តួយ៉ាង​មាន​អេក្រង់​កម្សាន្ត​ទំហំ ១០,៩ អ៊ីញ ហើយ​មាន​ជម្រើស​បន្ថែម​អេក្រង់​ឲ្យ​អ្នក​ដំណើរ​ផង​ដែរ​ប្រសិន​ត្រូវ​ការ។ រថយន្ត​នេះ​អាច​បញ្ជា​មុខងារ​ដោយ​សំឡេង ដោយ​គ្រាន់​តែ​និយាយ​ពាក្យ “Hey Porsche”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche Taycan មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ Turbo និង Turbo S។ Turbo មាន​​ម៉ូទ័រ​ដែល​ផ្ដល់​កម្លាំង​បាន​ ៦៧១ សេះ អាច​ស្ទុះ​ដល់ ០-៩៦ គ.ម/ម៉ ក្នុងពេល ៣ វិនាទី ខណៈ​ Turbo S មាន​កម្លាំង​ដល់ ៧៥០ សេះ ប្រើ​ពេល​ ២,៦ វិនាទី​ដើម្បី​ស្ទុះ​ដល់ ៩៦ គ.ម/ម៉។ រថយន្ត​ទាំង​ពីរ​មាន​ល្បឿន​អតិបរមា​ ២៦០ គ.ម/ម៉ ដូច​គ្នា។

និយាយ​អំពី​ថាមពល​អាគុយ​វិញ​គឺ​មាន​ ៩៣,៤ គីឡូវ៉ាត់ម៉ោង ដែល​ចំណាយ​ពេល​តែ​ ២២ នាទី​កន្លះ សាក​បាន​ដល់ ៨០%។ ចំពោះ​ប្រភេទ Turbo អាច​បើកបរ​បាន​ចម្ងាយ ៤៥០ គ.ម ឯ​ Turbo S បើក​បរ​បាន​ ៤១២ គ.ម ពេល​សាក​បំពេញ​ម្ដង។

រថយន្ត​ Taycan Turbo មាន​តម្លៃ​ ១៥៣ ៣១០ ដុល្លារ ចំណែក Taycan Turbo S វិញ​មាន​តម្លៃ​រហូត​ដល់ ១៨៧ ៦១០ ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម