Porsche 718 T ថ្មី តែ៤ម៉ាស៊ីនទេ តែស្ទុះ និងខ្លាំងកប់

រថយន្ត Porsche 911 Carrera T កំពុង​តែ​ទាក់​ចិត្ត​អ្នក​ស្រលាញ់​ចូលចិត្ត​រថយន្ត​យ៉ាង​ខ្លាំង ហើយ​ឥឡូវ​នេះ​ក្រុមហ៊ុន Porsche ក៏​បាន​ណែនាំ​ម៉ូដែល 718 T ស៊េរី​ថ្មី​ផង​ដែរ។

រថយន្ត Porsche 718 T មាន​ចំនួន ២ ម៉ូដែល គឺ Boxster និង Cayman ដោយ​បំពាក់​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង បង្កើត​កម្លាំង​បាន ២៩៥ សេះ ជាមួយ​នឹង​ជម្រើស​លេខ​ដៃ ឬ អូតូ ៦ វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន​ប៉ុន​នេះ​អាច​អនុញ្ញាត​ឲ្យ 718 T ទាំង ២ ម៉ូដែល​ខាង​លើ​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​មិន​ដល់ ៥ វិនាទី​ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ បើ​កាច់​ចូល Sport Plus Mode វិញ វា​ប្រើ​ពេល​ត្រឹមតែ ៤,៥ វិនាទី ហើយ​មាន​ល្បឿន​អតិបរមា​ដល់ ២៧៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ។

រឹង​តែ​ពិសេស Porsche 718 T បាន​បំពាក់​មុខងារ Porsche Active Suspension Management, Locking Rear Differential និង Torque Vectoring Technology ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ វា​បាន​បំពាក់​យ៉ាន់​ទំហំ ២០ អ៊ីញ ដែល​មាន​ភាព​រឹង​មាំ និង​ធន់​ចំពោះ​ការ​បើកបរ​ល្បឿន​លឿន​ថែម​ទៀត​ផង។

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ មិន​ខុស​ពី​រថយន្ត Porsche ដទៃ​ទៀត​ប៉ុន្មាន​ឡើយ ជាមួយ​នឹង​ការ​បំពាក់​ដៃ​ចង្កូត និង​កៅអី​បែប​ស្ព័រ ព្រម​ទាំង​គ្រឿង​បរិក្ខារ​យ៉ាង​ទាក់ទាញ និង​ប្រណីត​បំផុត។ អ្វី​ដែល​ខុស​ប្លែក​បំផុត​នោះ​គឺ ការ​ដក​ប្រព័ន្ធ Infotainment System ចេញ ដើម្បី​កាត់​បន្ថយ​ទម្ងន់​រថយន្ត ប៉ុន្តែ​អតិថិជន​ក៏​អាច​ជ្រើស​រើស​ដាក់​វិញ (ជា Option) ដោយ​មិន​អស់​លុយ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម