រថយន្ត Porsche 911 Carrera GTS Cabriolet America ស៊េរីឆ្នាំ២០២៣ បានបង្ហាញខ្លួនជាផ្លូវការ និងផ្តាច់មុខ សម្រាប់តែទីផ្សារសហរដ្ឋអាមេរិក ដែលវានឹងបង្ហាញខ្លួននៅក្នុង showroom នាចុងឆ្នាំ២០២២ នេះតែម្តង។
រថយន្ត Porsche 911 Carrera GTS Cabriolet America ឆ្នាំ២០២៣ នេះ ត្រូវបានផលិតផ្អែកតាមម៉ូដែល 911 Carrera GTS Cabriolet ហើយបានបំពាក់គ្រឿងមេកានិចដូចគ្នា។ រថយន្តស្ព័ររបស់អាល្លឺម៉ង់ខាងលើ បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៧៣សេះ និងកម្លាំងរមួល ៥៦៩ញ៉ូតុនម៉ែត្រ។
Porsche បានប្រើប្រព័ន្ធជើងក្រោមពិសេស ហៅថា Porsche Active Suspension Management Sport មកស្តង់ដារសម្រាប់ម៉ូដែលខាងលើ។ ក្រៅពីនោះ វាក៏មាន Sport Exhaust និង Sport Chrono Package មកស្តង់ដារដែរ។
អ្វីដែលធ្វើឲ្យ 911 Carrera GTS Cabriolet America លេចធ្លោខុសពីម៉ូដែលធម្មតា គឺ ការតុបតែងផ្នែកខាងក្រៅរបស់វា ដែលបំផុសគំនិតតាមម៉ូដែល 356 America Roadster ឆ្នាំ១៩៥៣ និងការប្រើទឹកថ្នាំពណ៌ខៀវ Azure Blue 356 និងស៊ុមកញ្ចក់ពណ៌ខ្មៅ Satin Black ផងដែរ។ ជាមួយគ្នានេះដែរ វាបំពាក់យ៉ាន់កង់ប្រភេទ RS Spyder Design Wheels ពណ៌ស រំលេចដោយការហាយឡាយពណ៌ក្រហម មើលទៅកាន់តែទាក់ទាញ។
យ៉ាងណាមិញ ក្រុមហ៊ុន Porsche មិនបានបង្ហាញឡើយថា នឹងត្រូវផលិតវាចំនួនប៉ុន្មានគ្រឿង ប៉ុន្តែរថយន្ត 911 Carrera GTS Cabriolet America នឹងមានតម្លៃចាប់ពី ១៨៤ ៩២០ដុល្លារ៕