Porsche Cayenne E-Hybrid ថ្មី ប្រើសាំងលាយអគ្គិសនី ទាំងខ្លាំង ទាំងទំនើប

នាពេលថ្មីៗនេះ ក្រុមហ៊ុន Porsche បាន​បញ្ចេញ​រថយន្ត SUV ម៉ូដែល​ថ្មី គឺ Cayenne E-Hybrid ស៊េរី​ឆ្នាំ ២០១៩ ដែល​ដំណើរការ​ដោយ​ប្រើ​ម៉ាស៊ីនសាំង​ផង និង​អគ្គិសនី​ផង។

Cayenne E-Hybrid ប្រើម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង និង អាគុយ​ប្រភេទ lithium-ion ទំហំ ១៤,១ គីឡូវ៉ាត់ម៉ោង ព្រមទាំង​ម៉ូទ័រ​អគ្គិសនី​ ២ ដែល​ផលិតកម្លាំង​បានសរុប ៤៥៥ សេះ។ កម្លាំងប៉ុណ្ណោះ វាអាច​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤,៧ វិនាទី​ប៉ុណ្ណោះ ហើយ​មានល្បឿន​អតិបរមា ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយបំពាក់លើ Cayenne E-Hybrid អាចឱ្យវា​ធ្វើដំណើរ​ដោយថាមពលអគ្គិសនីសុទ្ធ ៤៤ គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង ដែលចំណាយពេល​ប្រហែល​ជិត ៨ ម៉ោង តាមរយៈការ​ស្តង់ដារទំហំ ១០ អំពែ ហើយ​ប្រើ​ពេល​តែ​ជាង ២ ម៉ោង​ប៉ុណ្ណោះ បើប្រើកម្លាំង ​៣២ អំពែ​។

រថយន្ត Porsche Cayenne E-Hybrid ក៏បាន​បំពាក់មុខងារពិសេសៗ​ជា​ច្រើន ដូចជា ប្រព័ន្ធ​កម្តៅ-បញ្ចេញខ្យល់នៅ​ផ្នែក​ខាង​ក្រោយ , ប្រព័ន្ធ​បូម Porsche Active Suspension Management , កម្តៅ​កញ្ចក់​មុខ , កុងទ័រ Head-up Display និង កៅអី​ម៉ាស្សា ជាដើម។ វាត្រូវបានដាក់​លក់​ក្នុង​តម្លៃ ៧៩ ៩០០ ដុល្លារ​នៅ​លើ​ទីផ្សារ​អាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម