Porsche គ្រោងលក់ហ៊ុននៅខែកញ្ញា ជាមួយតម្លៃរំពឹងទុកដល់ ៨៥ពាន់លានដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche ​កំពុងត្រៀមខ្លួនដាក់លក់ភាគហ៊ុនលើទីផ្សារក្នុងខែកញ្ញាខាងមុខនេះ ដោយ​ដាក់​គោល​ដៅ​តម្លៃ​ទីផ្សារចន្លោះពី ៦០ ដល់ ៨៥ពាន់​លាន​ដុល្លារ។ នេះបើតាមការឲ្យដឹងពីប្រភពជិតស្និទ្ធនឹងក្រុមហ៊ុន។

ប្រភពកំបាំងមុខបានប្រាប់ដល់ Bloomberg ថាក្រុមហ៊ុន Porsche នឹងប្រកាសពីផែនការលក់ភាគហ៊ុន​ បន្ទាប់ពី​ក្រុមប្រឹក្សា​ភិបាល​​ចុះហត្ថលេខាឯកភាព និងបាននិយាយថា​​ភាគហ៊ុនរបស់ Porsche ទទួលបានការកុម្ម៉ង់ទិញច្រើនជាងភាគហ៊ុន​ដែល​មាន​លក់​ទៅទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនបណ្ដាក់ទុនដែលបានត្រៀមខ្លួនធ្វើជាម្ចាស់ភាគហ៊ុនរបស់ Porsche មាន​ដូចជា T Rowe Price Group និង Qatar Investment Authority ហើយស្ថាបិកនៃភេសជ្ជៈ Red Bull លោក​ Dietrich Mateschitz ក៏​បាន​បង្ហាញ​ការ​ចាប់​ចិត្ត ​រួម​ទាំង​លោក Bernard Arnault ដែលជាម្ចាស់ក្រុមហ៊ុន LVMH ផងដែរ។

ក្រោម​កិច្ចព្រមព្រៀងលក់ភាគហ៊ុន ក្រុមហ៊ុន Volkswagen នឹងជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុន Porsche ហើយ​វិនិយោគិន​នឹង​អាច​ទិញ​ភាគហ៊ុន ប៉ុន្តែភាគហ៊ុនទាំងនោះមិនផ្ដល់សិទ្ធិក្នុងការបោះឆ្នោតឡើយ។

Porsche សង្ឃឹមថាការចូលទីផ្សារភាគហ៊ុនរបស់ខ្លួនអាចនឹងប្រសើរជាងក្រុមហ៊ុន Polestar ដែលបានចូលទីផ្សារភាគហ៊ុន​កាល​ពី​ដើម​ឆ្នាំ និងទទួលបានតម្លៃភាគហ៊ុន​ល្អតែថ្ងៃដំបូង ប៉ុន្តែបែរជាធ្លាក់ចុះយ៉ាងគំហុកនៅសប្ដាហ៍​បន្ទាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម