Porsche ដាក់លក់ឡានអគ្គិសនីប្រភេទតម្លៃធូរនៅចិន សាកម្ដងជិះបានជិត ៥០០គ.ម

ក្រុមហ៊ុន Porsche បាន​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ប្លែក​មួយ​សម្រាប់​រថយន្ត​អគ្គិសនី Taycan របស់​ខ្លួន ដោយ​ដាក់​លក់​ប្រភេទ​តម្លៃ​ខ្ពស់​មុន រួច​ទើប​​បញ្ចេញ​លក់​ប្រភេទ Base ដែល​មាន​តម្លៃ​ធូរ​ជាង​គេ​ជា​ក្រោយ។

ប្រភេទ Base នៃ​រថយន្ត Taycan ត្រូវ​បាន​ Porsche ដាក់​លក់​មុន​គេ​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន ដែល​មាន​ជម្រើស​អាគុយ​ចំនួន​ពីរ​ប្រភេទ​មាន​កម្លាំង​ខុស​គ្នា​។ ប្រភេទ​ទី​មួយ​​មាន​​អាគុយ​ចំណុះ ៧៩,២ kWh ដែល​​ភ្ជាប់​នឹង​ម៉ូទ័រ​អគ្គិសនី​ខាង​ក្រោយ​អាច​ផលិត​កម្លាំង​បាន ៤០២សេះ។ អាគុយ​នេះ​អាច​បើកបរ​បាន​ចម្ងាយ​​ ៤១៤គ.ម ពេល​សាក​ភ្លើង​ពេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មួយ​ប្រភេទ​ទៀត​មាន​អាគុយ​ទំហំ ៩៣,៤ kWh ដែល​អាច​ឲ្យ​ម៉ូទ័រ​អគ្គិសនី​ផលិត​កម្លាំង​បាន ៤៦៩សេះ និង​បើកបរ​បាន​ចម្ងាយ ៤៨៩គ.ម ពេល​សាក​ភ្លើង​ពេញ។ រថយន្ត​ទាំង​ពីរ​ប្រភេទ​សុទ្ធ​តែ​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ក្នុង​ពេល ៥,៤វិនាទី និង​មាន​ល្បឿន​អតិបរមា ២៣០គ.ម/ម៉។

នៅ​ប្រទេស​ចិន Porsche បាន​ដាក់​លក់​រថយន្ត​ទាំង​ពីរ​ប្រភេទ​នេះ ដោយ​មួយ​មាន​តម្លៃ​ប្រមាណ ១២៥ ៤២០​ដុល្លារ និង​មួយ​ទៀត​មាន​តម្លៃ​ប្រមាណ ១៣៣ ៩៥០​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម