
រថយន្តអគ្គីសនី Porsche Macan ស៊េរីឆ្នាំ២០២៦ ទទួលបានការកែសម្រួលបន្ថែមកាន់តែពិសេសជាងមុន ដោយសារក្រុមហ៊ុនបានធ្វើការអាប់ដេតមុខងារថ្មីៗជាច្រើនក្នុងនោះមានការបំពាក់មកបញ្ញាសម្បនិមិត្ត AI បច្ចេកវិទ្យា Digital Key, មុខងារបើកបរដោយស្វ័យប្រវត្តិ, សមត្ថភាពអូសសណ្តោងខ្លាំងជាងមុន និងអ្វីដែលពិសេសគឺមុខងារលេងហ្គេម AirConsole នៅក្នុងរថយន្ដ។
សម្រាប់បច្ចេកវិទ្យា Digital Key អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទូរស័ព្ទ iPhone និង Android អាចដោះសោ និងបញ្ឆេះរថយន្តរបស់ពួកគេបានដោយស្វ័យប្រវត្តិ ខណៈដែលទូរស័ព្ទរបស់ពួកគេនៅតែដាក់ក្នុងហោប៉ៅ ឬកាបូប។ ជាមួយបច្ចេកវិទ្យានេះក៏បានផ្ដល់ភាពងាយស្រួល អនុញ្ញាតឱ្យម្ចាស់រថយន្តអាច “ចែករំលែក” សោរបានយ៉ាងងាយស្រួលទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀតរហូតដល់ប្រាំពីរនាក់។
បន្ថែមពីរថយន្តនេះក៏បំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរពិសេសជាច្រើនដូចជាមុខងារ 3D Surround View រួមបញ្ចូលជាមួយមុខងារ Transparent Hood ផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺមានមុខងារ Trained Parking ដែលអនុញ្ញាតឲ្យម្ចាស់រថយន្តអាចថតទុក ទម្លាប់នៃការចតរថយន្តតាមទីតាំងនីមួយៗ ដូចជាការបើកចូលទៅក្នុងយានដ្ឋានជាដើម។
មុខងារថ្មីមួយទៀតដែលបានបន្ថែមគឺ Reversing Assist (ជំនួយការថយក្រោយ) ដែលអនុញ្ញាតឲ្យ រថយន្ដនេះអាចបើកថយក្រោយដោយស្វ័យប្រវត្តិតាមដានកង់បើកបរចាស់។ រថយន្ត Porsche Macan មានសមត្ថភាព អាចចងចាំផ្លូវបានរហូតដល់ ៤៨.៨ ម៉ែត្រ ខណៈក្រុមហ៊ុន Porsche បាននិយាយថា មុខងារនេះមានប្រយោជន៍សម្រាប់ការបើកថយក្រោយក្នុងស្ថានភាពផ្លូវតូចចង្អៀត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅពេលអ្នកកំពុងរង់ចាំការសាកថ្ម ឬចូលចិត្តលេងហ្គេម លោកអ្នកអាចលេងហ្គេមជាមួយនឹងប្រព័ន្ធ AirConsole ថ្មីអាចប្រើបានតាមរយៈកម្មវិធី Porsche App Center ដោយប្រើស្មាតហ្វូនជាប្រើជាឧបករណ៍បញ្ជា (controller) ហើយអាចលេងហ្គេមបានធម្មតានៅលើអេក្រង់សកម្សាន្ដ infotainment នៅកណ្ដាលនៅពេលរថយន្តចត។ ទោះជាយ៉ាងណាក៏ដោយ អេក្រង់សម្រាប់អ្នកដំណើរខាងមុខ ក៏អាចប្រើដើម្បីលេងហ្គេមបានផងដែរនៅពេលរថយន្តកំពុងធ្វើដំណើរ ហើយអ្នកបើកបរនឹងមិនមានការរំខានឡើយ ដោយសារមុខងារការពារឯកជនភាពអេក្រង់របស់ Porsche។
ក្រុមហ៊ុន AirConsole បាននិយាយថា ម្ចាស់រថយន្តអាចលេងហ្គេមធម្មតាៗជាច្រើនប្រភេទមានលក្ខណៈ ខ្លីៗនិងងាយស្រួលលេង ត្រូវបានបង្កើតឡើងសម្រាប់បង្កើនបរិយាកាសក្នុងរថយន្ត ក្នុងនោះរួមមានហ្គេមប្រណាំង និងហ្គេមសំណួរចម្លើយ និងហ្គេមទាក់ទងជាមួយកីឡា។ ក្នុងចំណោមហ្គេមទាំងអស់ ហ្គេមដែលពេញនិយមជាងគេគឺហ្គេម UNO និង Who Wants to Be a Millionaire៕