[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche មានមហិច្ឆតាធំសម្រាប់រថយន្ត Macan អគ្គិសនីសុទ្ធ ដោយក្រុមហ៊ុនរំពឹងថារថយន្តនេះអាចនឹងទទួលការគាំទ្រដូចជា Macan ប្រភេទប្រើម៉ាស៊ីនប្រេងសាំងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Automobilwoche ប្រធានផលិតប្រចាំ Porsche លោក Albrecht Reimold បានបញ្ជាក់ថារថយន្ត Macan អគ្គិសនីនឹងចូលរោងចក្រផលិតនៅមុនដំណាច់ឆ្នាំ២០២២នេះ។ លោក Albrecht Reimold បានលើកឡើងថា ៖ “យើងផលិតរថយន្ត Macan បច្ចុប្បន្នបានជាង ៨ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ក្នុងពេលយូរអង្វែង យើងក៏គ្រោងផលិតរថយន្ត Macan អគ្គិសនីក្នុងទំហំដូចគ្នានេះដែរ។”
ក្រុមហ៊ុន Porsche កន្លងមកធ្លាប់បានបញ្ជាក់ថាខ្លួននឹងផលិតរថយន្ត Macan អគ្គិសនី ជាមួយ Macan ប្រើម៉ាស៊ីនប្រេងសាំងប្រមាណជារយៈពេលពីរឆ្នាំក្នុងពេលទន្ទឹមគ្នា មុនឈានដល់ការបញ្ឈប់ការផលិត Macan ប្រើម៉ាស៊ីនប្រេងសាំងតែម្ដង។
Porsche Macan បានក្លាយជារថយន្តពេញនិយមបំផុតមួយរបស់ Porsche ដោយក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ចំនួនលក់របស់វាមានចំនួន ៣៨ ០៣៩គ្រឿង ស្ថិតនៅចំណាត់ថ្នាក់លេខពីរបន្ទាប់ពីម៉ូដែល Cayenne ដែលលក់បាន ៤១ ៩៤៧គ្រឿង៕