[ទីផ្សារបរទេស] Porsche ទើបតែប្រកាសចេញលទ្ធផលអាជីវកម្មសម្រាប់ឆ្នាំ២០២១ ដោយក្រុមហ៊ុនអាចលក់រថយន្តបានសរុប ៣០១ ៩១៥គ្រឿង នៅជុំវិញពិភពលោក ជាកំណត់ត្រាលក់ថ្មីមួយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ដែលការលក់នេះបានកើនឡើង ១១% ធៀបនឹងឆ្នាំមុន។
អាមេរិកខាងជើងជាទីផ្សារដែលមានកំណើនច្រើនជាងគេ ដែលមានចំនួនលក់សរុប ៨៤ ៦៥៧គ្រឿង កើនឡើង ២២% ហើយក្នុងនោះសហរដ្ឋអាមេរិកតែឯងអាចលក់ចេញបានសរុប ៧០ ០២៥គ្រឿង។ ចំណែកទីផ្សារអឺរ៉ុបលក់ចេញបាន ៨៦ ១៦០គ្រឿង កើនឡើង ៧% ខណៈដែលប្រទេសចិនលក់ចេញបាន ៩៥ ៦៧១គ្រឿង កើនឡើង ៨%។
ផ្អែកតាមតួលេខ រថយន្ត SUV របស់ Porsche ទទួលបានការកុម្ម៉ង់ទិញច្រើនជាងគេ ដោយរថយន្តម៉ូដែល Macan អាចលក់ចេញបានសរុប ៨៨ ៣៦២គ្រឿង តាមពីក្រោយដោយរថយន្ត Cayenne ជាមួយចំនួនលក់ ៨៣ ៧០១គ្រឿង។ ចំណែករថយន្តអគ្គិសនី Taycan លក់ចេញបាន ៤១ ២៩៦គ្រឿង កើនឡើងលើសឆ្នាំមុនទ្វេដង និងបានវ៉ាដាច់ចំនួនលក់របស់ 911, Panamera និង 718 Boxster /Cayman ថែមទៀតផង។
គួរដឹងថាប្រមាណ ៤០% នៃរថយន្ត Porsche ដែលលក់នៅអឺរ៉ុប គឺជាប្រភេទ Hybrid និងប្រភេទអគ្គិសនីសុទ្ធ ដែលនេះបង្ហាញថាផែនការអគ្គិសនីរបស់ Porsche គឺកំពុងតែប្រព្រឹត្តិទៅយ៉ាងរលូន៕