បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុនប្រេងរបស់ប្រទេសថៃ PTT Plc និងក្រុមហ៊ុនផលិតផលិតគ្រឿងអេឡិចត្រូនិចរបស់តៃវ៉ាន់ Foxconn ឥឡូវនេះបានចាប់ដៃគ្នាបណ្តាក់ទុនទឹកប្រាក់ប្រហែល ១ទៅ២ពាន់លានដុល្លារ ក្នុងការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅច្រករបៀងសេដ្ឋកិច្ចខាងកើតនៃប្រទេសថៃ។
គម្រោងនៃការបង្កើតរោងចក្រនេះ វានឹងដើរតួរនាទីប្រតិបត្តិការពីដើមដល់ចប់ ដោយការរចនា ការផលិត ការតម្លើង និងការផលិតសមាសធាតុសំខាន់ៗសម្រាប់រថយន្តអគ្គិសនីផងដែរ។ ជាមួយគ្នានេះរោងចក្រនោះក៏មានគោលដៅផលិតដំបូងកំនត់ត្រឹមចំនួន ៥០ ០០០គ្រឿងក្នុងមួយឆ្នាំ និងកើនឡើងដល់ ១៥០ ០០០គ្រឿងនៅឆ្នាំបន្ទាប់ទៀតផងដែរ។
រោងចក្រថ្មីនេះពុំទាន់ត្រូវបានបង្ហាញឈ្មោះនៅឡើយនោះទេ រីឯការចុះបញ្ជីកម្មសិទ្ធបញ្ញាត្រូវបានរំពឹងថានឹងចំនាយប្រហែល ៩៧លានដុល្លារ(៣,២២ពាន់លានដុល្លារ) និងបញ្ចប់នៅចុងត្រីមាសទី៤ ឆ្នាំនេះផងដែរ។ ចំណែកការសម្រេចចិត្តវិនិយោគចុងក្រោយរបស់ពួកគេនឹងត្រូវធ្វើឡើងនៅឆមាសទីពីរនៃឆ្នាំក្រោយ។
ក្រុមហ៊ុន PTT នឹងវិនិយោគលើក្រុមហ៊ុនថ្មីនេះតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Arun Plus របស់ខ្លួន ខណៈក្រុមហ៊ុន Foxconn នឹងឆ្លងកាត់ការវិនិយោគអន្តរជាតិតាមរយៈ Lin Yin។ ដោយ Arun Plus កាន់កាប់ភាគហ៊ុន ៦០ ភាគរយ ហើយ Foxconn ទទួលបាន ៤០ ភាគរយដែលនៅសល់៕