ក្រុមហ៊ុន Ram បានប្រកាសចេញរថយន្តភីកអាប់ខ្នាតតូចថ្មីរបស់ខ្លួន គឺ Ram 1000 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារអាមេរិកខាងត្បូង ដោយមានការអាប់ដេតនូវរូបរាង ក៏ដូចជាបច្ចេកវិទ្យាផងដែរ។
រថយន្ត Ram 1000 ឆ្នាំ២០២២ បានបំពាក់កាងមុខថ្មី ក៏ដូចជាចង្កៀងមុខ LED ឌីហ្សាញថ្មីទៀតផង។ រូបរាងរបស់វាមើលទៅបែបមាំ ហើយមានបំពាក់យ៉ាន់កង់ទំហំ ១៦អ៊ីញ។
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ រថយន្តភីកអាប់នេះមានបំពាក់កុងទ័រឌីជីថលទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ៨,៤អ៊ីញ។ វាក៏មានបំពាក់ពោងសុវត្ថិភាពសរុប ៧គ្រាប់ផងដែរ។
សូមបញ្ជាក់ថា Ram 1000 ឆ្នាំ២០២២ ប្រើម៉ាស៊ីនតែ ១ជម្រើសប៉ុណ្ណោះ គឺ ម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ e.TorQ EVO មានកម្លាំង ១២៨សេះ និងកម្លាំងរមួល ១៧០ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខអូតូ ៦វគ្គ។ ចំពោះគ្រែដឹករបស់វាអាចផ្ទុកអីវ៉ាន់បានចំណុះ ៦៥០គីឡូក្រាម។
រថយន្ត Ram 1000 ឆ្នាំ២០២២ ត្រូវបានដាក់ឲ្យបញ្ជាទិញហើយ សម្រាប់ទីផ្សារអាមេរិកខាងត្បូង ជាមួយនឹងតម្លៃចាប់ពីខ្ទង់ ២៧ ៨០០ដុល្លារ៕