[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញនូវភីកអាប់ RAM 2500 LUNAR EDITION ផ្តល់ជូន ២ ជម្រើសរួមមាន Power Wagon និង Rebel HD ដែលមានតម្លៃ ៧៥ ២០៥ ដុល្លារ និង ៨៥ ៤៩០ ដុល្លារ ក្នុងទីផ្សារសហរដ្ធអាមេរិក។
RAM 2500 POWERWAGON LUNAR EDITION ដំណើរការដោយម៉ាសុីនសុាំងចំណុះ ៦,៤ លីត្រ V8 អាចផលិតកម្លាំងបាន ៤១០ សេះ និងកម្លាំងរមួល ៥៨២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ 8វគ្គ និងជម្រើសប្រភេទបើកបរប៉ុង ១ RWD និងប៉ុង ២ 4WD និងអាចអូសសណ្តោងបានដល់ ៤ ៨០០ គីឡូក្រាមឯណ្ណោះ ។
RAM 2500 REBEL HD LUNAR EDITION ដំណើរការដោយម៉ាសុីនម៉ាស៊ូតចំណុះ ៦,៧ លីត្រ turbocharged V6 អាចផលិតកម្លាំងបាន ៣៧០ សេះ និងកម្លាំងរមួល ១ ១៥២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ និងជម្រើសប្រភេទបើកបរប៉ុង ១ RWD និងប៉ុង ២ 4WD និងអាចអូសសណ្តោងបានដល់ ៧ ៦៥០ គីឡូក្រាមឯណ្ណោះ ។
ចំពោះរូបរាងផ្នែកខាងក្រៅ រថយន្តនេះមានអំណាចខ្លាំង បំពាក់ដោយប៉ាណាមុខមួយផ្ទាំងធំតុបតែងដោយក្រូម៉េដែលមានឡូហ្គូ RAM នៅចំកណ្តាល អមដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ទំហំ ១៧ និង ២០អ៊ីញជាមួយសំបក់កង់ប្រភេទ Off-Road ទំហំ ៣៣អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅអីស្រោបដោយស្បែកមុខងារខ្យល់កំដៅ និងម៉ាស្សា ខណៈនៅលើតាប្លូមានភ្ជាប់មកជាមួយអេក្រង់ចំនួន ៣ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងឧបករណ៍បំពងសំឡេង កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរជាដើម៕