[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ នាយកប្រតិបត្តិ Ram លោក Mike Koval Jr. មានគម្រោងដាក់បង្ហាញនៅគំរូរថយន្តភីកអាប់អគ្គិសនី Ram 1500 Revolution នឹងបង្ហាញខ្លួនជាសាកលនៅពិព័រណ៍ CES 2023 នៅខែមករាឆ្នាំ២០២៣ ។
ទីផ្សាររថយន្តភីកអាប់អគ្គិសនីមានភាពប្រកួតប្រជែងគ្នាខ្លាំងនៅទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងការបង្ហាញខ្លួនរបស់ Rivian R1T, GMC Hummer EVs និង Ford F-150 Lightning ហើយថ្មីៗនេះ យើងបានដឹងថារថយន្ត Chevrolet Silverado EV ក៏នឹងត្រូវបានដាក់លក់នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ ផងដែរ។
ឧស្សាហកម្មរថយន្តកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងនោះ ក្រុមហ៊ុន RAM ក៏ដូចគ្នាផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានណាមួយអំពីថាមពលរបស់ RAM នោះទេ ប៉ុន្តែបើមើលតាមរូបភាព នឹងឃើញការរចនាប៉ាណាមុខបិទជិត ចង្កៀងមុខ LED ជាមួយឡូហ្គោ RAM ទំហំធំ និងចង្កៀងក្រោយដ៏ទំនើបផងដែរ។
គួរឲ្យដឹងថា រថយន្តភីកអាប់អគ្គិសនី Ram 1500 Revolution ប្រើប្រាស់នៅគ្រោងឆ្អឹង STLA Frame platform ផ្គួបជាមួយអាគុយទំហំពី ១៥៩ គីឡូវ៉ាត់ម៉ោង ដល់ ២០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
Ram ត្រៀមខ្លួនរួចជាស្រេចក្នុងការផលិតរថយន្តភីកអាប់អគ្គិសនី ទោះបីជាវាយឺតពេលបើធៀបនឹងគូប្រជែងដូចជា Rivian R1T, GMC Hummer EV និង Tesla Cybertruck ក៏ដោយ ការដឹកជញ្ជូនត្រូវបានពន្យារពេលនៅឆ្នាំក្រោយ ៕