
ក្ដៅៗក្រុមហ៊ុន Ram បានសម្រេចរថយន្ដភីកអាប់ស៊េរីឆ្នាំ២០២៧ ដែលមានឈ្មោះ Ram 1500 Rumble Bee ផ្ដល់មកជាមួយជម្រើស៣ម៉ូឌែលផ្សេងគ្នាក្នុងនោះរួមមាន៖ Ram 1500 Rumble ធម្មតា, Ram 1500 Rumble Bee 392 និង Ram 1500 Rumble Bee SRT។
សម្រាប់កម្រិតសមត្ថភាពវិញ Ram 1500 Rumble Bee ទាំង៣ ម៉ូឌែលនេះបានបំពាក់មកជាមួយម៉ាសុីន៣ជម្រើសផ្សេងគ្នា ដោយក្នុងនោះសម្រាប់រថយន្ត Ram 1500 Rumble Bee SRT ដំណើរដោយម៉ាសុីនចំណុះ ៦.២ លីត្រ Supercharged HEMI V8 អាចផលិតកម្លាំងបាន ៧៧៧សេះ កម្លាំងរមួល ៩២២ ញូតុនម៉ែត្រ ផ្គូផ្គងជាមួយប្រព័ន្ធជំនួយ Twin-screw supercharger។
ចំណែកម៉ូឌេល Ram 1500 Rumble Bee 392 ដំណើរដោយម៉ាស៊ីនចំណុះ ៦.៤ លីត្រ “Apache” HEMI V8 អាចផលិកម្លាំងបាន ៤៧០ សេះ កម្លាំងរមួល ៦១៧ ញូតុនម៉ែត្រ និងចុងក្រោយម៉ូឌែល Ram 1500 Rumble Bee ធម្មតា ដំណើរការដោយម៉ាស៊ីនចំណុះ ៥.៧ លីត្រ “Eagle” HEMI V8 អាចផលិតកម្លាំងសេះ ៣៩៥ សេះ ៥៥៦ ញូតុនម៉ែត្រ។
ដើម្បីឲ្យស័ក្ដិសមជារថយន្ដភីកអាប់ផ្ដោតលើកការបើកបរបែប performance Ram 1500 Rumble Bee បានបំពាក់ជាមួយមុខងារ Track Mode ត្រូវបានប្រើប្រាស់សម្រាប់កំណត់ទម្រង់ដំណើរការរបស់ម៉ាស៊ីន, ប្រព័ន្ធប្រអប់លេខ, ការដូរលេខ, ការឆ្លើយតបនៃឈ្នាន់ហ្គែរ, ប្រព័ន្ធចង្កូត និងប្រព័ន្ធបូមនៅលើរថយន្ត។ ដោយឡែក សម្រាប់ម៉ូឌែល SRT® វិញមុខងារ Track Mode នេះ ថែមទាំងជួយកំណត់ប្រព័ន្ធបូមខ្យល់កម្រិតស្តង់ដារ អាចទម្លាក់កម្ពស់ចុះមកកម្រិតទាបបំផុត ជួយកាត់បន្ថយផ្ចិតផ្ចង់នៃម៉ាសតួខ្លួនឲ្យកាន់តែទាប ដើម្បីផ្តល់នូវសមត្ថភាពបញ្ជាចង្កូត និងថាមពលបើកបរដ៏អស្ចារ្យមិនគួរឱ្យជឿនៅពេលបើកបរលើផ្លូវប្រណាំង។
ចូលមកដល់ផ្នែកខាងក្នុងនៃរថយន្ត Ram 1500 Rumble Bee ផ្តល់ជូននូវកាប៊ីនដែលផ្តោតលើអ្នកបើកបរ ដោយប្រើប្រាស់កៅអីស្ព័រ, paddle shifters លើចង្កូតធ្វើពីអាលុយមីញ៉ូម។ នៅផ្នែកខាងមុខដដែលនេះក៏បានបំពាក់ជាមួយអេក្រង់កុងទ័រឌីជីថលទំហំ ១២.៣ អុីញ,អេក្រង់កម្សាន្ត ទំហំ ៨.៤ អុីញសម្រាប់ម៉ូឌែលស្ដង់ដារនិងអេក្រង់កម្សាន្ដទំហំ ១៤.៥ អុីញ សម្រាប់ម៉ូដែល SRT គាំទ្រមុខងារ Wireless Apple CarPlay និង Android Auto។
ចំពោះប្រព័ន្ធសម្លេងនៅផ្នែកខាងក្នុងរបស់ Ram 1500 Rumble Bee កាន់តែពិសេស ដោយវាបំពាក់ជាមួយឧបករណ៍បំពងសម្លេង Harman Kardon រហូតដល់ទៅ ១៩ គ្រាប់។ គួរបញ្ជាក់ផងដែរចំពោះស្បែកប្រើក្នុងក្នុងរថយន្ដនិងការរចនាទូទៅនៅផ្នែកខាងក្នុងរថយន្ដទាំង៣ម៉ូឌែលនេះទទួលបានការរចនាផ្សេងពីគ្នាទាំងស្រុង៕























