Ram 1500 TRX ប្រភេទ Havoc Edition ឆ្នាំ២០២៣ ប្រកាសចេញជាមួយតម្លៃចាប់ពី ១០ម៉ឺនដុល្លារ

[ទីផ្សារបរទេស] នៅពេលដែលរថយន្ត Ram 1500 TRX ប្រកាសចេញសម្រាប់ម៉ូដែលឆ្នាំ២០២១ វាមានតម្លៃលក់ចាប់ពី ៦៩ ៩៩៥ដុល្លារ បន្ទាប់មកក៏ឡើងដល់ចាប់ពី ៨៣ ៨៩០ដុល្លារ សម្រាប់ម៉ូដែលឆ្នាំ២០២២ ហើយសម្រាប់ម៉ូដែលឆ្នាំ២០២៣វាបានឡើងដល់ចាប់ពី ៨៤ ៥៥៥ដុល្លារ។

ពេលនេះដែរ Ram បានប្រកាសចេញរថយន្តភីកអាប់ Ram 1500 TRX ប្រភេទ Havoc Edition ដែលមានតម្លៃកាន់តែថ្លៃ គឺចាប់ពី ១០៤ ៥៥០ដុល្លារ នៅសហរដ្ឋអាមេរិក ដែលតម្លៃនេះធ្វើឲ្យវាក្លាយជារថយន្ត Ram 1500 TRX ដែលថ្លៃជាងគេ គឺថ្លៃជាងរថយន្តប្រភេទ Sandblast Edition ទៅទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយតម្លៃនេះវាមានបំពាក់មកជាស្តង់សារជាមួយគ្រឿងបរិក្ខារ TRX Level 2 Equipment Group ដែលគ្រឿងនេះគឺមានតម្លៃ ១០ ៩៩៥ដុល្លាររួចទៅហើយ។ សម្រាប់គ្រឿងនេះមានបញ្ចូល​ឧបករណ៍បំពងសំឡេង Harman Kardon ចំនួន១៩គ្រាប់ និងអេក្រង់ head-up display ជាមួយកៅអីស្បែកដែលអាចផ្លាស់ប្ដូររបៀបអង្គុយតាមបែបអេឡិចត្រូនិក។ បន្ថែមពីនេះវាក៏មានដុំសាកទូរសព្ទមិនប្រើខ្សែ កាមេរ៉ាមើលជុំវិញ និងកញ្ចក់មើលក្រោយប្រភេទឌីជីថល។

Ram នឹងដាក់លក់រថយន្ត 1500 TRX Havoc Edition នេះចាប់ពីត្រីមាសទីមួយនៃឆ្នាំ២០២៣ ដោយមានចំនួនតិចតួចប៉ុណ្ណោះ ហើយរថយន្តនេះនឹងបំពាក់ម៉ាស៊ីន Supercharged ចំណុះ៦,២លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៧០២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម