
បន្ទាប់ពីបានបញ្ឈប់ការផលិតតាំងពីឆ្នាំចុងឆ្នាំ២០២៣ ពេលនេះក្រុមហ៊ុន Ram បានផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនវិញ ដោយបានផ្ដល់កំណើតជាថ្មីដល់រថយន្ដ Ram 1500 TRX ហើយបំពាក់មកជាមួយម៉ាសុីនV8 Supercharged ដែលមានកម្លាំងខ្លាំងជាងមុនទៅទៀត។
Ram 1500 TRX ថ្មីនេះដំណើរការដោយម៉ាសុីន ចំណុះ ៦.២ លីត្រ V8 supercharged អាចផលិតកម្លាំងបានរហូតដល់ ៧៧៧ សេះ និងកម្លាំងរមួល ៩២២ ញូតុនម៉ែត្រ។ យោងតាមទិន្នន័យដែលបញ្ចេញដោយក្រុមហ៊ុន Ram កម្លាំងទាំងនេះបានធ្វើឲ្យរថយន្ដ TRX ថ្មីនេះមានកម្លាំងខ្លាំងជាងរថយន្ដ Ford F-150 Raptor R ដែលប្រើម៉ាស៊ីនចំណុះ ៥.២ លីត្រ V8 supercharged ចំនួន ៥៧សេះនិង ៥៤ ញូតុនម៉ែត្រ។ បន្ថែមពីនេះក្រុមហ៊ុន Ram បានអះអាងថារថយន្ដភីកអាប់ TRX ថ្មីនេះ អាចស្ទុះពីល្បឿន ០-៩៧ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៣.៥ វិនាទីប៉ុណ្ណោះ។
រថយន្ត Ram 1500 TRX ស៊េរីឆ្នាំ ២០២៧ បានត្រឡប់មកវិញជាមួយការបំពាក់មកជាមួយម៉ាសុីន V8 supercharged ហើយត្រូវបានគេប្រសិទ្ធនាមថាជា «រថយន្តភីកអាប់ប្រើសាំងដែលខ្នាតធំ មានល្បឿនលឿនបំផុត និងមានកម្លាំងខ្លាំងបំផុតនៅក្នុងលោក»។ មិនខុសពីម៉ូឌែលមុនទេ Ram 1500 TRX បន្ដប្រើប្រាស់ប្រអប់លេខអូតូ ៨ វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងបួន (Full-time 4WD) ជាមួយប្រព័ន្ធបូម និងប្រព័ន្ធចង្កូតពិសេសសម្រាប់តែត្រកូល TRX ត្រូវបានយកមកប្រើបន្តពីម៉ូឌែល TRX ជំនាន់មុន។
តាមការបញ្ជាក់របស់ក្រុមហ៊ុនសម្រាប់ Ram 1500 TRX ស៊េរីឆ្នាំ ២០២៧ ជាម៉ូដែលថ្មីដំបូងគេបង្អស់ដែលមានបំពាក់ជាមួយបច្ចេកវិទ្យា SRT របស់ក្រុមហ៊ុនមានឈ្មោះពេញហៅថា Street & Racing Technology ផ្ដោតលើការផលិតរថយន្តមានសមត្ថភាពខ្ពស់ (High performance) ការធ្វើបែបនេះគឺដើម្បីធ្វើឲ្យអតិថិជនទទួលបានរថយន្ដភីកអាប់មានសមត្ថភាពខ្ពស់ ស័ក្ដិសមក្នុងការបើប្រាស់គ្រប់ស្ថានកាល។
រថយន្ត Ram 1500 TRX ស៊េរីឆ្នាំ ២០២៧ ក៏បានបំពាក់ជាមួយមួយប្រព័ន្ធបូមលើកខ្ពស់ និងបូមសកម្ម Bilstein Black Hawk e2, ដៃឃ្លែងមុខផ្នែកលើនិងក្រោមធ្វើពីអាលុយមីញ៉ូម , សំបកកង់ទំហំ ៣៥ អ៊ីញ បំពាក់លើថាសកង់ប្រភេទ Beadlock, ប៉ុងក្រោយប្រភេទ Dana 60 ភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរប៉ុង (Electronic diff lock) និងប្បូមក្រោយជាប្រភេទរ៉ឺស័រ។
លើសពីនេះរថយន្ដ Ram 1500 TRX ស៊េរីឆ្នាំ ២០២៧ ត្រូវបានបំពាក់ជាមួយប្រព័ន្ធគ្រប់គ្រងបូម Ram Active Terrain Dynamics ជួយកែសម្រួលការកាច់ចង្កូត និងលំនឹងរថយន្តឲ្យស៊ីចង្វាក់គ្នាជាមួយបូម adaptive dampers ហើយវាថែមទាំងអាចដឹងនៅពេលដែលកង់រថយន្តហើរបផុតពីដី រួចរៀបចំកំណត់បូមនីមួយៗឲ្យបានរួចរាល់សម្រាប់ការចុះមកដល់ដីវិញ។
ការផ្លាស់ប្តូរផ្សេងទៀតរបស់ TRX ស៊េរីឆ្នាំ២០២៧រួមមាន៖ ការរចនាប៉ាណាមុខអនុញ្ញាតឲ្យខ្យល់ចេញចូលបានល្អ ជាមួយអក្សរ “R-A-M” ពណ៌ក្រហម និងផ្លាកសញ្ញា SRT, កាងមុខធ្វើពីដែក និងបន្ទះការពារបាតក្រោម, ទម្ពក់អូសសណ្តោងពណ៌ក្រហមចំនួន២ ទាំងខាងមុខនិងខាងក្រោយ, រន្ធខ្យល់នៅលើសន្លឹកគ្របម៉ាស៊ីន មានបំពាក់អំពូលចំនួន៣គ្រាប់, ប្រអប់ចង្កៀងក្រោយពណ៌ខ្មៅរលោង, កាងក្រោយធ្វើពីដែក និងផ្លាកសញ្ញា SRT នៅលើទ្វារក្រោយ។
នៅផ្នែកខាងក្នុង Ram 1500 TRX ស៊េរីឆ្នាំ ២០២៧ បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១៤.៥ អុីញ, កុងទ័រឌីជីថលទំហំ ១២.៣ អុីញ, មុខងារបង្ហាញព័ត៌មានលើកញ្ចក់មុខ (Head-up display), កន្លែងសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរ, កៅអីខាងមុខមានមុខងារកម្ដៅ បញ្ចេញខ្យល់ត្រជាក់ និងម៉ាស្សា, ឧបករណ៍សំឡេង Harman Kardon ចំនួន ១៩ គ្រាប់ និងប្រព័ន្ធជំនួយបើកបរដោយមិនបាច់កាន់ចង្កូត (Hands-free active driving assist) សម្រាប់ប្រើប្រាស់លើផ្លូវហាយវេ។
សម្រាប់រថយន្ដ Ram 1500 TRX ឆ្នាំ ២០២៧ គ្រោងនឹងដាក់លក់នៅសហរដ្ឋអាមេរិកនៅពាក់កណ្តាលត្រីមាសទី ២ នៃឆ្នាំ ២០២៦ ក្នុងតម្លៃ ៩៩,៩៩៥ ដុល្លារអាមេរិក៕



























