ក្រុមហ៊ុន Ram នៅប្រទេសអូស្ត្រាលី បានប្រកាសចេញរថយន្តភីកអាប់ Ram 3500 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយចូលរួមជាមួយនឹងម៉ូដែល Ram 1500 និង Ram 2500 ដែលបានបង្ហាញខ្លួនកាលពីដើមឆ្នាំ។
រថយន្ត Ram 3500 ឆ្នាំ២០២២ ដែលដាក់លក់នៅអូស្ត្រាលី គឺមានតែម៉ូដែល Laramie Crew Cab ប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ១៦២ ៩៥០ដុល្លារអូស្ត្រាលី ឬប្រហែល ១១៩ ០០០ដុល្លារអាមេរិក។ តម្លៃនេះបានធ្វើឲ្យវាថ្លៃជាងទីផ្សារសហរដ្ឋអាមេរិក ដល់ទៅជាងពាក់កណ្តាលឯណោះ ព្រោះនៅសហរដ្ឋអាមេរិកដាក់លក់ក្នុងតម្លៃត្រឹមតែ ៥២ ២៩៥ដុល្លារប៉ុណ្ណោះ។
រថយន្ត Ram 3500 មានបំពាក់ម៉ាស៊ីនម៉ាស៊ូត ចំណុះ ៦,៧លីត្រ turbo មានកម្លាំង ៣៧០សេះ និងកម្លាំងរមួល ១ ១៥២ញ៉ូតុនម៉ែត្រ ដែលអនុញ្ញាតឲ្យភីកអាប់នេះអាចដឹកបានទម្ងន់ ១ ៧០០គីឡូក្រាម និងអូសសណ្តោងបាន ៨តោនឯណោះ។
គួរឲ្យដឹងថា មិនខុសពីរថយន្ត Ram ដែលបាននាំចូលទៅក្នុងប្រទេសអូស្ត្រាលីផ្សេងទៀតឡើយ ម៉ូដែល Ram 3500 ត្រូវបាននាំចូលជាប្រភេទ international-spec មុនពេលវាត្រូវកែចង្កូតពីឆ្វេងទៅស្តាំ ដែលប្រើគ្រឿងក្នុងស្រុកជាង ៤០០ មុខផ្សេងគ្នា៕